វិភាគៈ ទីផ្សារអចលនទ្រព្យឆ្នាំ២០២៤បញ្ហាប្រឈមនិងឱកាស

0

ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea

        ភ្នំពេញៈ វិស័យអចលនទ្រព្យ និងសំណង់បានធ្លាក់ដល់បាត នៅឆ្នាំ២០២៣ ដែលអាចនិយាយបានថា វាអស់អ្វីត្រូវធ្លាក់ទៀតហើយ ហើយវានឹងងើបឡើងវិញនៅឆ្នាំ២០២៤នេះ។

ប៉ុន្តែសំណួរសួរថា តើវិស័យនេះនឹងងើបឡើងយ៉ាងដូចម្តេច នៅឆ្នាំនេះ? ខណៈបញ្ហាប្រឈមនានា នៅលើពិភពលោកមិនទាន់បានបញ្ចប់នៅឡើយ ស្របពេលស្ថានភាពសេដ្ឋកិច្ចពិភពលោក ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០២៤នេះ។វិស័យដែលលើកកំពស់មុខមាត់កម្ពុជា
វិស័យសំណង់ និងអចលនទ្រព្យ បានក្លាយជាសរសរស្តម្ភសេដ្ឋកិច្ចធំមួយ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ រាជធានីភ្នំពេញក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែតបានផ្លាស់ប្តូរ មុខមាត់យ៉ាងខ្លាំង ជា​មួយនឹងលំហូរទុនវិនិយោគរាប់ពាន់លានដុល្លារ ដោយទីក្រុងភ្នំពេញមានអគារខ្ពស់ៗចាប់ពី៥ជាន់ ដល់ជាង៥០ជាន់ កើនឡើងជិត២០០០អគារ និងមានគម្រោងថ្មីជាង៥០០គម្រោង។ លើសពីនេះ រាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ មានបុរីជាង៣០០កន្លែង។

ចំណែកក្រុងព្រះសីហនុ មានគម្រោងសាងសង់សរុប៩៦៥ ស្នើ១០៦៩អគារ ដែលការរីកចម្រើននេះ បានធ្វើឲ្យមុខមាត់ទីក្រុងទាំងពីរផ្លាស់ប្តូរទាំងស្រុង ក្នុងរយៈពេលត្រឹម២ទសវត្សរ៍ និយាយជារួម ប៉ុន្តែក្រុងព្រះសីហនុ បានផ្លាស់ប្តូរក្នុងរយៈពេលត្រឹម៥ឆ្នាំប៉ុណ្ណោះ។ជាមួយគ្នានេះ ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងបាវិត ខេត្តស្វាយរៀងក៏បានរីកចម្រើនលឿន ជាមួយវត្តមានអាគារ   ខ្ពស់ៗកើនឡើងដូចម្រាមដៃ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ផងដែរ។

ព្រះអាទិត្យរះហើយលិច
 អ្នកជំនាញជាតិ អន្តរជាតិបានលើកឡើងជារឿយៗថា វិស័យនេះប្រៀប ដូចជា ទឹករលក ដោយឡើងចុះរៀងរាល់មួយទសវត្សរ៍ម្តង តាមនិន្នាការនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ប៉ុន្តែវិបត្តិផ្ទួនៗ ដោយ​សារជម្ងឺកូវីដ១៩ សង្រ្គាមរុស្ស៊ី អ៊ុយក្រែន សង្រ្គាមរវាងអ៊ីស្រាអ៊ែល ហាម៉ាស និងភាពតានតឹងភូមិសាស្រ្តនយោបាយ រវាងសហអាមេរិក និងចិន បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកជួបកលយុគ និងភាពមិនច្បាស់លាស់ ដែលអ្នកជំនាញសេដ្ឋកិច្ច និងសេដ្ឋវិទូនានាមិនអាចព្យាករណ៍បាន។

ដោយឡែកកម្ពុជា ក៏មានវាសនាមិនខុសគ្នាផងដែរ ប៉ុន្តែស្ថានភាពប្រទេស ដែលពឹងផ្អែកលើមូលដ្ឋានសេដ្ឋកិច្ច និងការនាំចេញទៅកាន់ប្រទេសធំៗ បានធ្វើឲ្យកម្ពុជាជួបវិបត្តិសេដ្ឋកិច្ច ប្រៀបដូចជា រលកយក្សព្យុះស៊ូណាមិ ខ្យល់ព្យុះ និងគ្រោះរញ្ជួយដីវាយសង្រ្គប់ផ្ទួន​ៗ នៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ជាក់ស្តែង ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានទាក់ទាញទុនវិនិយោគវិនិយោគ ក្នុងវិស័យសំណង់ ក្នុងទំហំទឹកប្រាក់ជាង៦៦ពាន់លានដុល្លារអាមេរិក។

ការមកដល់នៃជំងឺកូវីដ១៩ ការបិទហ្គេមអនឡាញយ៉ាងតល់ក្រហល់របស់រដ្ឋាភិបាល និងបញ្ហាវិបត្តិភូមិសាស្រ្តនយោបាយ និងបញ្ហាសង្រ្គាមចំនួន២ បានធ្វើឲ្យវិស័យនេះស្លោកស្រពោន និងបានធ្វើឲ្យអ្នកអភិវឌ្ឍន៍នានាទាំងជាតិ អន្តរជាតិបានរងគ្រោះគួរឲ្យសោកស្តាយ។

លំហូរFDIនៅតែស្ងប់ស្ងាត់
វិបត្តិអចលនទ្រព្យនៅប្រទេសចិន ការធ្លាក់ចុះនូវវិស័យអចលនទ្រព្យក្នុងប្រទេសកូរ៉េ ជប៉ុន វៀតណាម ជាដើម បាននិងកំពុងជះឥទ្ឋិពល ដល់លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) មកកាន់កម្ពុជាផងដែរ។

ការពឹងផ្អែកលើប្រទេសចិន និងបណ្តាប្រទេសជាមិត្តផ្សេងទៀតនៅតែជាអាទិភាព ស្របពេលកម្ពុជាប្រៀបដូចជា “សួនផ្កា “ដែលត្រូវការទឹកសន្សើម ដើម្បីឲ្យផ្ការីកគ្រប់រដូវ ប៉ុន្តែបណ្តាប្រទេស ដែលអាចប្រោះព្រំទឹកសន្សើម(លំហូរមូលធន)ដល់កម្ពុជា កំពុងជួបបញ្ហាផ្ទាល់ខ្លួនផងដែរ។ យ៉ាងណាកម្ពុជា ជាប្រទេសតូចមួយ មិនស្មើនឹងខេត្តមួយរបស់ចិនផង ហេតុនេះតាមរយៈគោលនយោបាយ ភាពជាមិត្តដែកថែប គោលនយោបាយត្បូងពេជ្រ និងការកសាងសហគមន៍ពីរ វាសនាតែមួយរវាងចិន និងកម្ពុជា ប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោកនេះ មិនបោះបង់កម្ពុជាឡើយ ដោយសារកត្តាជាច្រើនដូចជា ទី១ រាជរដ្ឋាភិបាលកម្ពុជា តែងប្រកាន់យកគោលនយោបាយចិនតែមួយ ទី២ ភូមិសាស្រ្តនយោបាយ ដែលកម្ពុជាតែងតែគាំទ្រចិន នៅលើឆាកអន្តរជាតិ ទី៣ ចិនត្រូវការកម្ពុជា ក្នុងនាមជាមិត្តដែលមិនអាចបំបែកបាន ខណៈចិនកំពុងដើរស្របផង និងបញ្រ្ចាសផងជាមួយសហរដ្ឋអាមេរិក ទី៤ ប្រវត្តិនៃការកសាងនូវមូលដ្ឋានគ្រឹះ និងតម្លៃកាទូតមាស ដែលបានសាងឡើង ដោយអតីតសម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុជាមួយបណ្តាមេដឹកនាំចិន កាលពីអតីតកាលជាដើម។

សញ្ញាវិជ្ជមានសម្រាប់ឆ្នាំ២០២៤ការបញ្ចប់នូវហេដ្ឋារចនាសម្ព័ន្ឋធំៗ ដូចជា ព្រលានយន្តហោះតេជោក្រុងតាខ្មៅ ការបញ្ចប់នូវការសាងសង់ផ្លូវជាតិលេខ១០ ការស្ថាបនា គំរោងព្រែកជីកហ្វូណនតេជោ ការចាប់ផ្តើមនូវគំរោងស្ពានមិត្តភាពកម្ពុជា អរិយក្សត្រ(អាចចាប់ផ្តើម) ការសាងសង់ស្ពានព្រែកប្រា ឆ្ពោះទៅកាន់ផ្លូវ៦០ម៉ែត្រ។គម្រោងបើកដំណើរការ ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង ព្រមទាំងគោលនយោ​បាយនៃឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនចិន និងកម្ពុជា ការជ្រើសរើសខេត្តសៀមរាប ជាគោលដៅទេស​ចរណ៍កំពូលរបស់រដ្ឋាភិបាល និងគោលនយោបាយដាក់ចេញថ្មីៗរបស់រដ្ឋាភិបាលជាដើម បាននិងកំពុងផ្តល់សញ្ញា និងក្តីសង្ឃឹមសម្រាប់អ្នកវិនិយោ​គនៅក្នុងវិស័យនេះ។

ហេដ្ឋារចនាសម្ព័ន្ឋ បាននិងកំពុងក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការជម្រុញការវិនិយោគ និងការអភិវឌ្ឍ ក្នុងវិស័យអចលនទ្រព្យ និងសំណង់ផងដែរ។អ្វីជាដំណឹងល្អបន្ថែមទៀត គឺគ្រឹះស្ថានហិរញ្ញវត្ថុនានា រួមមានធនាគារ និងមីក្រូហិរញ្ញវត្ថុបាន និងកំពុងបញ្ចេញឥណទានដល់អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ដែលមានគុណភាព នៅក្នុងវិស័យនេះឡើងវិញបណ្តើរៗផងដែរ។

ការកំណត់លក្ខខ័ណ្ឌមិនតឹងរ៉ឹងពេក ក្នុងការបញ្ចេញលំហូរមូលធន ឬឥណទានសម្រាប់អ្នកនៅក្នុងវិស័យនេះ វានឹងក្លាយជាមូលដ្ឋានឈ្នះ ឈ្នះ សម្រាប់អ្នកនៅក្នុងវិស័យនេះផង និងអ្នកពាក់ព័ន្ឋផងដែរ ដែលវានឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនឡើងវិញ ស្របតាមការព្យាករណ៍របស់រដ្ឋាភិបាលថា សេដ្ឋកិច្ចប្រទេសនេះ នឹងអាចសម្រេចបានកំណើន ក្នុងរង្វង់៦,១ភាគរយនៅឆ្នាំ២០២៤នេះ។

គោលនយោបាយថ្មីលើដែនដីចាស់
រាជរដ្ឋាភិបាលថ្មី និតិកាលទី៧ ជាមួយការដាក់ចេញយុទ្ឋ​សាស្រ្ត”បញ្ចកោណ” ដំណាក់កាលទី១ ហាក់បានផ្តោតលើគោលនយោបាយបែប “ប្រជានិយម” កាន់តែស៊ីជម្រៅជាងមុន តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ដែលមកពីគ្រួសារក្រីក្រ១,៥លាននាក់ ការគាំពារសុខភាពកាន់តែប្រសើរ ការលើកទឹកចិត្តដល់មន្រ្តីរាជការ និងគោលនយោបាយថ្មីៗ ដែលមានការលើកទឹកចិត្តជាច្រើនទៀត បាននិងកំពុងធ្វើឲ្យអ្នកជំនាញមានសុទិដ្ឋិនិយម និងក្តីសង្ឃឹមសម្រាប់​ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ ក៏ដូចជា ជួយជម្រុញដល់​ការងើបឡើងវិញនៃវិស័យសំណង់ និងអចលនទ្រព្យផងដែរ។

អ្វីកាន់តែពិសេសការដាក់ចេញ គោលនយោបាយបែបប្រជានិយមរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា  និងការប្រកាន់យក គោលនយោបាយកាទូតបែបចម្រុះព៌ណ នៅតែជាមូលដ្ឋានគ្រឹះ និងការឈានឆ្ពោះទៅមុខរបស់កម្ពុជា ក្នុងការប្រែក្លាយ​ពីប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ ប្រកបដោយសុទិដ្ឋិនិយម និងភាពប្រាកដនិយមផងដែរ។

ការជម្រុញ និងការលើកទឹកចិត្តពីរដ្ឋាភិបាល នៅតែជាមូលដ្ឋានដ៏រ៉ឹងមាំ សម្រាប់ការងើបឡើងសន្សឹមៗរបស់វិស័យនេះ ស្របពេលអ្នកជំនាញជាតិ អន្តរជាតិបានមើលឃើញ “យុគមាស “នឹងកើតមានជាថ្មី សម្រាប់កម្ពុជានាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here