ដោយៈ គង់ ហ្វីអូណា
ព្រះសីហនុៈ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសណ្ឋាគារ កាស៊ីណូ ប៉ាវលី ភោជនីយដ្ឋានឆាវសាន់ និងក្រុមហ៊ុនហុងមិនសាងហាង មានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
លោក លីវ ហ័នស៊ីន (Liu Huanxin) អ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ ប៉ាវលី មានបន្ទប់១១៥ មានបរិក្ខាររចនាបទទំនើបតាមយុគ្គសម័យថ្មី ផ្តល់ជូនការរស់នៅមានផាសុខភាពស័ក្តិសមជាមួយមនុស្សសម័យថ្មីផងដែរ និងអាចទទួលការរៀបចំកម្មវិធី នៅក្នុងសណ្ឋាគារ ក្រៅពីបរិក្ខារផ្សេងៗ ក៏បានផ្តល់ជូននូវអាហារមានរស់ជាតិ ស្របតាមតម្រូវការអតិថិជន។
លោកបន្តថា “មិនមែនជាការចាប់ផ្តើមថ្មីប៉ុណ្ណោះទេ វាគឺជានិមិត្តសញ្ញាចាប់ផ្តើមនៃក្តីបំណង និងក្តីស្រមៃរបស់យើង និងជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់ពួកយើងទាំងអស់គ្នា”។ លោកបន្តថា “យើងនឹងប្រើប្រាស់ នូវបច្ចេកវិទ្យាអេឡិចត្រូនិក ដែលទំនើបបំផុតរួមទាំងបញ្ចូលនូវវប្បធម៌ និងបញ្ចេញនូវសមិទ្ធផលបន្ថែមទៀត យើងសង្ឃឹមក្លាយជាគោលដៅ អាជីវកម្មមួយដែលក្លាហាន រក្សានូវវប្បធម៌ និងសូមអរគុណអតិថិជនដែលបានគាំទ្រ ពិសេសដៃគូរសហការដែលមិនអាចខ្វះបាន ដើម្បីប្រកួតប្រជែងទទួលបានជោគជ័យ”។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ការបើកឱ្យដំណើរការសណ្ឋាគារ កាស៊ីណូប៉ាវលី ភោជនីយដ្ឋានឆាវសាន់ និងក្រុមហ៊ុនហុង មិនសាងហាងនាឱកាសនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់ របស់អ្នកវិនិយោគទុន មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបន្តថា សមិទ្ឋផលនេះ បានចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ នៅក្នុងខេត្តឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានអបអរសាទរប្រធានក្រុមហ៊ុនទាំងបី ដែលមានឆន្ទៈសម្រេចចិត្តវិនិយោគ នៅខេត្តព្រះសីហនុ សមិទ្ធផលថ្មីដែលក្រុមហ៊ុនសម្រេចចិត្តដាក់សម្ពោធថ្ងៃនេះ អបអរសាទរឆ្នាំ២០២៤៕