ដោយៈ ជេស៊ីកា
ភ្នំពេញៈ អ្នកជំនាញ និងស្រាវជ្រាវផ្នែកសេដ្ឋកិច្ចលោកបណ្ឌិតគី សេរីវឌ្ឍន៍ បានបង្ហើបនូវយុទ្ឋសាស្រ្តសំខាន់ៗចំនួន៣ ដើម្បីអាចដោះស្រាយបញ្ហាជាប់គាំងក្នុងវិស័យអចលនទ្រព្យ។
លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីសប្តាហ៍មុនថា ការងើបឡើងរបស់វិស័យនេះ អាចត្រូវចំណាយពេលរហូតដល់ចុងឆ្នាំ ទើបទីផ្សារនេះអាចងើបឡើងវិញ ក្នុងកម្រិតយឺតៗឡើងវិញ។
លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាប្រឈមចំនួន៣ជាមុនសិន ដូចជា ដោះស្រាយបញ្ហាទីផ្សារផ្ទះល្វែង និងដីឡូត៍គ្មានអាជ្ញាប័ណ្ណច្បាស់លាស់ និងកំណត់នូវយន្តការនគរូបនីយកម្ម ឬការកំណត់Zooningឲ្យបានត្រឹមត្រូវថា តំបន់ណាជាតំបន់លំនៅដ្ឋាន តំបន់ណាជាតំបន់ឧស្សាហកម្ម តំបន់ណាជាតំបន់ពាណិជ្ជកម្ម ឬតំបន់បរិស្ថាន ទើបធ្វើឲ្យវិស័យនេះអាចរីកលូតលាត់បាន។
-->
លោកបណ្ឌិតគី សេរីវឌ្ឍន៍បានបន្តថា វិស័យនេះអាចងើបឡើងវិញមិនលឿនទេ តែវាអាចងើបបន្តិចម្តងៗនៅចុងឆ្នាំនេះ ដោយសារតម្លៃបានកើនដល់កម្រិតកំពូលរួចទៅហើយ នៅចុងឆ្នាំ២០១៩ ហើយការសាងសង់ផ្ទះលក់ និងការពុះឡូត៍បានកើនឡើង លើសពីតម្រូវការរួចទៅហើយ។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងផងដែរថា ឆ្នាំ២០២៤ មានសញ្ញាវិជ្ជមានច្រើនសម្រាប់វិស័យសំណង់ និងអចលនទ្រព្យ ដោយសារការបញ្ចុះអត្រាការប្រាក់នៅអាមេរិក ដែលធ្វើឲ្យធនាគារនៅកម្ពុជា អាចបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់២ភាគរយផងដែរ។
លោកបន្តថា “វិស័យសំខាន់ៗដែលជាសរសរស្តម្ភសដ្ឋកិច្ច ដូចជាវិស័យទេសចរណ៍ វិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង និងវិស័យកសិកម្មនឹងមានកំណើនល្អប្រសើរ”។ លោកបន្តថា “តាមព័តមានដែលខ្ញុំទទួលបាន ពីអ្នកក្នុងវិស័យឧស្សាហកម្ម គឺរោងចក្រ សហ គ្រាសនានា បានទទួលការបញ្ជាទិញឡើ់ងវិញ បណ្តើរៗកាន់តែច្រើនហើយ”។
លោកឧកញ៉ាបណ្ឌិតបានបន្តថា នៅពេលស្ថានភាពសេដ្ឋកិច្ច និងកំលាំងចលករធំៗ ដែលជួយជម្រុញកំណើនសេដ្ឋកិច្ចងើបឡើង នឹងធ្វើឲ្យប្រជាពលរដ្ឋមានប្រាក់ចំណូល ដែលជាលទ្ឋផលវិស័យអចលនទ្រព្យ និងសំណង់នឹងងើបឡើងព្រមគ្នាផងដែរ”៕