ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg Billionaires បានបង្ហាញឱ្យដឹង លោក Gautam Adani បានដណ្តើមតំណែងជាមហាសេដ្ឋីកំពូលទី១នៅតំបន់អាស៊ីត្រឡប់មកវិញ បន្ទាប់ពីបានរបូតតំណែងនេះទៅឱ្យលោក Mukesh Ambani កាលពីឆ្នាំមុន។
មហាសេដ្ឋីឥណ្ឌា លោក Gautam Adani ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Adani Group មានទ្រព្យសម្បត្តិសរុបចំនួន៩៧,៦ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៥ ខែមករា ដែលធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីកំពូលទី១២ នៅលើពិភពលោក និងកំពូលទី១នៅតំបន់អាសុី។
ក្រុមអ្នកតាមដានបានលើកឡើងថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Gautam Adani បានកើនឡើងជាង១៣ពាន់លានដុល្លារ ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ដែលអនុញ្ញាតឱ្យលោក Adani បានវ៉ាដាច់លោក Mukesh Ambani ដើម្បីដណ្តើមយកតំណែងជាមហាសេដ្ឋីធំបំផុតទី១របស់ទ្វីបអាសុីត្រឡប់មកវិញ។
ចំណែក លោក Ambani ដែលជាប្រធានក្រុមហ៊ុន Reliance Industries បច្ចុប្បន្ន មានទ្រព្យសម្បត្តិសរុបចំនួន៩៧ពាន់លានដុល្លារ។
ទ្រព្យសម្បត្តិរបស់លោក Adani ទើបតែបានកើនឡើងខ្លាំងនាពេលថ្មីៗនេះប៉ុណ្ណោះ ខណៈកាលពីឆ្នាំមុន ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌារូបនេះ បានដាំក្បាលចុះយ៉ាងគំហុក បន្ទាប់ពីក្រុមហ៊ុនរបស់លោក ត្រូវបានក្រុមហ៊ុនស្រាវជ្រាវអាមេរិក Hindenburg Research ធ្វើការចោទប្រកាន់ ពីបទឆបោកភាគហ៊ុន និងរៀបគម្រោងការណ៍ក្លែងបន្លំគណនេយ្យ ។
ជាលទ្ធផលនៃការពិនិត្យពិច័យ ដែលបានអនុវត្តតាមបទចោទប្រកាន់ខាងលើ ទ្រព្យសម្បត្តិរបស់លោក Adani បានធ្លាក់ចុះយ៉ាងគំហុក ដែលបានធ្វើឱ្យលោកធ្លាក់មកនៅជាមហាសេដ្ឋីកំពូលទី២ប្រចាំតំបន់អាសុី កាលពីឆ្នាំ២០២៣កន្លងទៅ។
ទោះជាយ៉ាងនេះក្តី ភាគហ៊ុន Adani Group បានហក់ឡើងថ្លៃ ក្នុងសប្តាហ៍នេះ បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសឥណ្ឌាបានបញ្ជាឱ្យនិយតករបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនឱ្យបានឆាប់រហ័ស និងបានអះអាងថា យើងមិនចាំបាច់បើកការស៊ើបអង្កេតបន្ថែមទៅលើក្រុមហ៊ុននេះទៀតនោះទេ៕ប្រភព៖CNN៕