ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យបដិសណ្ឋារកិច្ច ឬសណ្ឋាគារនៅក្នុងប្រទេសជាច្រើនកំពុងស្ទុះងើបឡើងវិញ ខណៈចំនួនភ្ញៀវទេសចរបរទេសចូលមកកាន់ប្រទេសខ្លះបានកើនឡើងជិតដល់កម្រិតមុនផ្ទុះជំងឺកូវីដ ក្នុងឆ្នាំ២០១៩។
ក្នុងនោះ វិស័យបដិសណ្ឋារកិច្ចក្នុងបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ានមានការកម្រើកឡើងវិញខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំនេះ។
ទី១: ប្រទេសសិង្ហបុរី
ជាក់ស្តែង ប្រាក់ចំណូលនៅក្នុងទីផ្សារសណ្ឋាគាររបស់ប្រទេសសិង្ហបុរីត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ទំហំទឹកប្រាក់ប្រមាណជា១,០៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៣នេះ។
ប្រាក់ចំណូលនៅក្នុងទីផ្សារសណ្ឋាគារត្រូវបានគេរំពឹងថា នឹងបង្ហាញពីអត្រាកំណើនប្រចាំឆ្នាំ(CAGR)ក្នុងរង្វង់៧,៥៥% ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលគេព្យាករថា កំណើននេះនឹងជំរុញឱ្យទំហំទីផ្សារសណ្ឋាគារនៅសិង្ហបុរី ឈានដល់ទឹកប្រាក់ចំនួន១,៥៤ពាន់លានដុល្លារនៅឆ្នាំ២០២៨។
ជាមួយគ្នានេះ តួលេខភ្ញៀវទេសចរអន្តរជាតិចូលទៅកាន់ប្រទេសសិង្ហបុរីត្រូវបានគេរំពឹងថា នឹងកើនឡើងដល់១២លាននាក់ទៅ១៤លាននាក់ក្នុងឆ្នាំ២០២៣ ដោយឆ្នាំ២០២៤ អាចជាឆ្នាំនៃការស្ទុះងើបឡើងវិញពេញលេញ។ចំណូលពីវិស័យទេសចរណ៍ក៏ត្រូវបានគេរំពឹងថា នឹងកើនឡើងពី១៨ពាន់លានដុល្លារទៅដល់២១ពាន់លានដុល្លារផងដែរ។
ទី២: ប្រទេសវៀតណាម
លោក Vu Dang Vinh អគ្គនាយក Vietnam Report បានមានប្រសាសន៍ឲ្យដឹងថា វិស័យទេសចរណ៍របស់ប្រទេសនេះ សង្ឃឹមថា នឹងអាចបម្រើដល់ភ្ញៀវទេសចរអន្តរជាតិបានចន្លោះពី១៤ ទៅ១៥លាននាក់ក្នុងឆ្នាំ ២០២៤។
យោងតាមការស្ទង់មតិទៅលើបណ្តាក្រុមហ៊ុនទេសចរណ៍ និងបដិសណ្ឋារកិច្ចបានបង្ហាញថា រហូតដល់៦៦,៧% នៃអ្នកចូលរួម មានសុទិដ្ឋិនិយមជាងមុនបន្តិច សម្រាប់វិស័យសណ្ឋាគារនៅឆ្នាំ២០២៤។
លោកVu Dang Vinh បានកត់សម្គាល់ថា រហូតដល់៩២,៩% នៃអ្នកចូលរួម ជឿជាក់ថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនពួកគេនឹងកើនឡើង ខណៈដែល៨៥,៧%នៃអ្នកចូលរួម បង្ហាញទំនុកចិត្តលើកំណើនប្រាក់ចំណេញនៅឆ្នាំ២០២៤។
លោកបានបន្ថែមថា ទំនុកចិត្តរបស់បណ្តាក្រុមហ៊ុនទេសចរណ៍ និងបដិសណ្ឋារកិច្ច ត្រូវបានជំរុញ ដោយគោលនយោបាយទិដ្ឋាការថ្មី ដែលបានចូលជាធរមាននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ។ នៅក្រោមគោលនយោបាយថ្មី ទិដ្ឋាការអេឡិចត្រូនិកត្រូវបានផ្តល់ជូនដល់ភ្ញៀវទេសចរមកពីគ្រប់ប្រទេស ហើយពលរដ្ឋ ដែលមកពីប្រទេសចំនួន២៥ មានសិទ្ធិទទួលបានការលើកលែងទិដ្ឋាការ។
លោក Vinh បានឱ្យដឹងទៀតថា ប្រហែល៩២,៩% នៃអ្នកចូលរួមការស្ទង់មតិ បានចាត់ទុកគោលនយោបាយនេះ “ជាអានុភាពជំរុញឱ្យវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច បន្តរីកចម្រើននៅឆ្នាំក្រោយបន្តទៀត”។
ទី៣: ប្រទេសថៃ
អ្នកវិភាគថៃបានលើកឡើងថា ការមកដល់របស់ភ្ញៀវទេសចរចិនកំពុងស្ទុះងើបឡើងវិញ ក្នុងល្បឿនលឿនជាងមុនក្នុងខែធ្នូនេះ ហើយសន្ទុះនឹងបន្តរហូតដល់ថ្ងៃចូលឆ្នាំចិននៅថ្ងៃទី១០ ខែកុម្ភៈ ដែលកត្តានេះនឹងជួយដល់វិស័យសណ្ឋាគារក្នុងស្រុក។
យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ការមកដល់របស់ភ្ញៀវទេសចរបរទេសនៅក្នុងខែធ្នូនេះ កំពុងស្ទុះងើបឡើងវិញចេញពីទីផ្សារសំខាន់ៗដូចជាប្រទេសចិន រុស្ស៊ី កូរ៉េខាងត្បូង និងឥណ្ឌា។
តួយ៉ាង អត្រាស្នាក់នៅសរុបក្នុងសណ្ឋាគារដែលបានចុះបញ្ជី ស្ថិតក្នុងរង្វង់៧០% ក្នុងរយៈពេល២ខែកន្លងមកនេះ ពោលគឺកើនឡើងពី៦៨% នៅក្នុងត្រីមាសទី៣ និង៦៩% ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២។
ចំណែក អត្រាស្នាក់នៅជាមធ្យមក្នុងសណ្ឋាគារ ស្ថិតក្នុងរង្វង់៦៥,២% កាលពីខែកញ្ញា ដែលកើនលើសកម្រិតមុនជំងឺកូវីដ បើធៀបនឹងអត្រាស្នាក់នៅជាមធ្យមចំនួន៦២,៧% ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។នេះបើយោងតាមតួលេខ ដែលដកស្រង់ចេញពីធនាគារកណ្តាលថៃ។
ជាមួយគ្នានេះ ចំណែកនៃប្រាក់ចំណូល ដែលទទួលបានមកពីភ្ញៀវទេសចរបរទេសស្នាក់នៅសណ្ឋាគារ គឺ២១% សម្រាប់ខែកញ្ញា ពោលគឺនៅតែទាបជាងមុន បើធៀបនឹងចំណែក៣៨% ក្នុងឆ្នាំ២០១៩។
លោក Boonyakorn Amornsank អ្នក វិភាគ ប្រចាំ ក្រុមហ៊ុន Maybank Kim Eng Securities (Thailand) លើកឡើងថា ការកើនឡើងនៃតម្រូវការធ្វើដំណើរកម្សាន្ត និងការប្រជុំ ការលើកទឹកចិត្ត សន្និសីទ និងការតាំងពិពណ៌ អាចបន្តជំរុញប្រាក់ចំណូលពីវិស័យសណ្ឋាគារឱ្យកើនឡើងប្រចាំឆ្នាំ២១% ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន នៅឆ្នាំ២០២៤៕