ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិរបស់សារព័ត៌មាន Kyodo បង្ហាញថា ជាង៧០ភាគរយនៃក្រុមហ៊ុនជប៉ុនធំៗរំពឹងថា សេដ្ឋកិច្ចក្នុងស្រុកនឹងកើនឡើងនៅឆ្នាំ២០២៤នេះ ដោយជឿថា ការចំណាយដើមទុន និងការចំណាយរបស់អ្នកប្រើប្រាស់ដ៏រឹងមាំ នឹងអាចយកឈ្នះលើផលប៉ះពាល់នៃបញ្ហាអតិផរណា។
ការស្ទង់មតិរបស់សារព័ត៌មាន Kyodo បានធ្វើទៅលើក្រុមហ៊ុនចំនួន១១៣ ដែលក្នុងនោះ រួមមានក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុន Toyota Motor Corp. និងក្រុមហ៊ុន SoftBank Group Corp.,។
ជាក់ស្តែង ៧២ភាគរយនៃក្រុមហ៊ុនដែលចូលរួមការស្ទង់មតិ បានរំពឹងថា សេដ្ឋកិច្ចជប៉ុននឹងមានកំណើនមធ្យម ហើយ១ភាគរយនៃក្រុមហ៊ុនដែលចូលរួមការស្ទង់មតិ រំពឹងថា សេដ្ឋកិច្ចនឹងសម្រេចបានកំណើនដ៏រឹងមាំនៅឆ្នាំ២០២៤នេះ។
នៅក្នុងកម្រងសំណួរពហុជ្រើសរើស ដែលសួរថា ហេតុអ្វីបានជាក្រុមហ៊ុនទាំងនោះរំពឹងថា សេដ្ឋកិច្ចជប៉ុននឹងមានកំណើន? គេរកឃើញថា ៨៥ភាគរយនៃអ្នកឆ្លើយសំណួរ ដែលព្យាករពីការពង្រីកសេដ្ឋកិច្ច បានលើកឡើងពីការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ឯកជន រីឯ៦៥ភាគរយនៃអ្នកឆ្លើយសំណួរបានចង្អុលបង្ហាញពីការចំណាយ តាមរយៈការកើនឡើងនៃចំនួនភ្ញៀវទេសចរបរទេស។
ប្រមាណ៦២ភាគរយនៃអ្នកឆ្លើយសំណួរបានលើកឡើងថា ការចំណាយដើមទុននឹងកើនឡើង។ ជាឧទាហរណ៍ នៅក្នុងវិស័យ semiconductor ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. កំពុងសាងសង់រោងចក្រតម្លៃ៨,៦ពាន់លានដុល្លារនៅក្នុងខេត្ត Kumamoto រីៗក្រុមហ៊ុន Rapidus Corp. គ្រោងនឹងសាងសង់រោងចក្រផលិតបន្ទះសៀគ្វីទំនើបនៅកោះហុកកៃដូ។
ទន្ទឹមនឹងនេះ ២២ភាគរយនៃអ្នកឆ្លើយសំណួររំពឹងថា សេដ្ឋកិច្ចនឹងគ្មានកំណើន ខណៈដែល ៣ភាគរយបានអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងធ្លាក់ចុះក្នុងកម្រិតមធ្យម ដោយ៥៤ភាគរយនៃអ្នកឆ្លើយសំណួរ មានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃការចំណាយរបស់អ្នកប្រើប្រាស់។
លើសពីនេះការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងហានិភ័យភូមិសាស្ត្រនយោបាយ ដូចជាសង្គ្រាមរវាងអុីស្រាអែល និង ក្រុមហាម៉ាសក៏ត្រូវបានលើកឡើង ក្នុងចំណោមង្វល់ផ្សេងទៀតផងដែរ។ ប៉ុន្តែគ្មានក្រុមហ៊ុនណាមួយ រំពឹងថា ប្រទេសជប៉ុននឹងជួបវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៤ នោះទេ៕






