រាជរដ្ឋាភិបាលនឹងដាក់កម្មវិធីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍសំណង់អគារ និងសេដ្ឋកិច្ចនៅក្នុងខេត្ត

0

កោះកុង៖ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ប្រមាណ១១០០០នាក់ ស្ថិតភូមិនាងកុក ឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី៨ខែមករា ឆ្នាំ២០២៤ ។

សម្ដេចធិបតីហ៊ុនម៉ាណែតថ្លែងថានៅថ្ងៃទី ២៥ ខែមករាខាងមុខនេះរាជរដ្ឋាភិបាលនឹងដាក់កម្មវិធីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍសំណង់អគារ និងសេដ្ឋកិច្ចនៅក្នុងខេត្តនេះឱ្យមានការរីកចម្រើនថែមទៀត
ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជា ពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយ:ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភានិងលោកជំទាវ ដែលបានចំណាយអស់ទឹកប្រាក់ចំនួន ១,៣៨៧,០០០ដុល្លារ ដើម្បីសម្រួលចរាចរណ៍ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានធ្វើដំណើរ បន្ទាប់ពី ស្ពានបេឡេ ដែលឆ្លងកាត់ព្រែកកោះយ៉នេះមានសភាពចាស់ទ្រុឌទ្រោម។

កម្មវិធីនាព្រឹកនេះ មានបងប្អូនកម្មករនិយោជិតចូលរួមចំនួន ១១ ០០០នាក់ ដែលមានស្រ្តី មានផ្ទៃពោះចំនួន ៥៥១នាក់ មកពី ៥ រោងចក្រ សហគ្រាស ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀក បំពាក់ចំនួន ១, បង្គុំខ្សែភ្លើងចំនួន ១, ប៉ាក់លើសម្លៀកបំពាក់ចំនួន ១,បរិក្ខារអេឡិចត្រូនិកចំនួន ១, ដំឡើងរថយន្ត និងបង្គុំខ្សែភ្លើងចំនួន ១។ថ្ងៃនេះជាកម្មវិធីលើកទី១១ ដែល សម្ដេចធិបតី បានជួបសំណេះសំណាលជាមួយបងប្អូន កម្មករនិយោជិតក្នុងនាមជា នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ គិតចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃនេះ សម្ដេចធិបតី បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបប្រមាណជាង ១៨ម៉ឺននាក់ ក្នុងខណៈពេលដែលអាណត្តិកន្លងទៅ សម្ដេចធិបតី ក៏ ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធានផ្នែក និងកម្មករនិយោជិត នៅតាមរាជធានី-ខេត្ត ជាច្រើនលើករួចមកហើយដែរ។ នេះជាការបញ្ជាក់ឱ្យឃើញ យ៉ាងច្បាស់អំពីការ យកចិត្តទុកដាក់បំផុតរបស់ សម្ដេចធិបតី ចំពោះសុខទុក្ខបងប្អូនកម្មករនិយោជិតយើង។

LEAVE A REPLY

Please enter your comment!
Please enter your name here