ដោយ: គង់ លាងហួរ
បាងកក: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃរយៈពេល១ថ្ងៃ ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ក្នុងគោលបំណងបង្កើនទំនាក់ទំនងទ្វេរភាគី។
នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Thai PBS World កាលពីថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងបំពេញដំណើរទស្សនកិច្ច ក្នុងប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ សម្តេចធិបតី គ្រោងជួបជាមួយសមភាគីថៃ លោកសេដ្ឋា ថាវីស៊ីន ដើម្បីពិភាក្សាអំពីការបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសជិតខាងទាំង២។
ជាមួយគ្នានេះ ពាណិជ្ជកម្មឆ្លងដែន សកម្មភាពរួមគ្នាប្រឆាំងនឹងការឆបោក និងគម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នឹងក្លាយជារបៀបវារៈដ៏សំខាន់ក្នុងកិច្ចពិភាក្សាគ្នារវាងថ្នាក់ដឹកនាំទាំង២។






