អ្នកជំនាញអន្តរជាតិៈ បញ្ហាអចលនទ្រព្យនៅកម្ពុជា ជាឱកាសមាសរបស់ក្រុមហ៊ុនអន្តរជាតិ

0

 ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្នុងវិបត្តិ តែងតែមានឱកាស ប៉ុន្តែតើអ្នកណាជាអ្នកអាចចាប់ឱកាសបាន សម្រាប់កាលៈទេសៈដ៏លំបាកមួយនេះ។ អ្នកជំនាញអចលនទ្រព្យអន្តរជាតិលោក Alan Neo នាយកប្រតិបត្តិក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្នុងកាលៈទេសៈ ដែលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅក្នុងស្រុកជួបការលំបាក វាជាឱកាសរបស់ក្រុមហ៊ុនអន្តរជាតិ ដែលអាចជួយទីផ្សារកម្ពុជាឲ្យងើបឡើងវិញ។

លោកបន្តថា នៅពេលមានការផ្សព្វផ្សាយព័ត៌មាន សូវមិនល្អពីកម្ពុជា អ្នកធុរកិច្ចអន្តរជាតិបានស្វែងរកឱកាសវិនិយោគ តាមរយៈក្រុមហ៊ុនអន្តរជាតិ ដែលពួកគេទុកចិត្ត”។ លោកបន្តថា “អ្នកវិនិយោគ​មកពីម៉ាឡេស៊ី សឹង្ហបុរី ចិន តៃវ៉ាន់ កូរ៉េបានស្វែងរកក្រុមហ៊ុនអន្តរជាតិ​ដើម្បីប្រឹក្សាពីការវិនិយោគរបស់ពួកគេ”។
លោក Alan Neo បានបន្តថា ជាក់ស្តែងកាលពីពេលថ្មីៗនេះ យើងលក់ខុនដូបានប្រមាណ៥០យូនីត និងលក់ដីបានមួយចំនួន តា​មរយៈក្រុមហ៊ុន និងភាពជាដៃគូសហការរបស់យើង ហើយអ្វីដែល​យើងត្រូវធ្វើពេលនេះ គឺទាក់ទាញអ្នកវិនិយោគ និងក្រុមហ៊ុនអន្តរជាតិមកកម្ពុជាឲ្យបានច្រើន ដើម្បីរុញទីផ្សារនេះឲ្យងើបឡើងវិញ។

លោកបន្តថា “នៅពេលទីផ្សារបានធ្លាក់ចុះ ដល់កម្រិតទាបបំផុត វានឹងងើបឡើងវិញ វាជាទីផ្សារដែលកំពុងលេចឡើង ដែលអ្នកវិនិយោគអាចរកឱកាសចំណេញបានពីទីនេះ”។ លោកបន្តថា “បញ្ហានៅកម្ពុជា គឺការផ្សព្វផ្សាយអាក្រក់ពីទីនេះ ដែលព័ត៌មាននេះនឹងសាបរលាបបន្តិចម្តងៗ នៅពេលយើងអាចទាក់ទាញអ្នកវិនិយោគអន្តរជាតិ​មកកាន់ទីនេះកាន់តែច្រើន”។លោក Alan Neo បានបន្តថា អ្នកវិនិយោគអន្តរជាតិមកកាន់រាជធានីភ្នំពេញ ជាលើកដំបូងពួកគេមានអារម្មណ៍ភ័យខ្លាច ហេតុនេះយើងត្រូវតែមើលថែរពួកគេឲ្យបានដិតដល់ និងធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្តៅ បន្ទាប់មកពួកគេនឹងមកកាន់កម្ពុជាម្តងទៀត ហើយយើងត្រូវធ្វើឲ្យប្រាកដថា ពួកគេមានអារម្មណ៍សុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here