សក្តានុពលទេសចរណ៍កំពុងជំរុញឱ្យវិស័យសណ្ឋាគារនៅក្នុងប្រទេសជប៉ុនរីកចម្រើនលឿន

0

ដោយ: គង់ លាងហួរ

តូក្យូ: ក្រោយពីឆ្លងកាត់វិបត្តិជំងឺរាតត្បាត អស់រយៈពេល៣ឆ្នាំរួចមក ឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសជប៉ុន បានស្ទុះងើបឡើងវិញកាលពីឆ្នាំ២០២៣ ដោយសាររដ្ឋាភិបាលទីក្រុងតូក្យូ បានពន្លឿនសកម្មភាពអាជីវកម្ម និងសង្គម។

ការបើកព្រំដែនឡើងវិញ គឺជាកត្តាជំរុញដ៏សំខាន់មួយ សម្រាប់ឧស្សាហកម្មទេសចរណ៍របស់ជប៉ុន ដែលបានជំរុញឱ្យមានលំហូរនៃភ្ញៀវទេសចរអន្តរជាតិជាថ្មីឡើងវិញ។

ដោយផ្អែកតាមនិន្នាការខាងលើនេះ លំហូរនៃការផ្គត់ផ្គង់សណ្ឋា​គារនៅប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈដែលអ្នកវិនិយោគទាំងក្នុងស្រុក និងបរទេសកំពុងបង្កើនការវិនិយោគ។ជាក់ស្តែង ក្រុមហ៊ុនខ្សែសង្វាក់សណ្ឋាគារ លំដាប់អន្តរជាតិ Accor ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានអះអាងថា ការងើបឡើងវិញនៃចំនួនភ្ញៀវទេសចរ ក្នុងប្រទេសជប៉ុនត្រូវបានជំរុញជាចម្បង ដោយការត្រឡប់មកវិញនៃអ្នកដំណើរបរទេស ខណៈកម្រិតអាជីវកម្ម នៅតាមសណ្ឋាគារទាំងអស់របស់ខ្លួន បានកើនលើសកម្រិតឆ្នាំ២០១៩ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣មកម្ល៉េះ។

ថ្នាក់ដឹកនាំក្រុមហ៊ុនAccor ជឿជាក់ថា ប្រទេសជប៉ុននឹងបន្តទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ដោយរដ្ឋាភិបាលបានកំណ​ត់គោលដៅ ទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យបានចំនួន៦០លាននាក់ជារៀងរាល់ឆ្នាំ នៅត្រឹមឆ្នាំ២០៣០ខាងមុខ។

ជាមួយគ្នានេះ ក្រុមហ៊ុនបារាំងAccor ទើបតែបានបើកសណ្ឋា​គារថ្មីមួយ ក្រោមម៉ាកយីហោ Mercure នៅសង្កាត់ Hibiya នៃទីក្រុងតូក្យូកាលពីខែធ្នូ ឆ្នាំមុន ខណៈក្រុមហ៊ុននេះមានបំណងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសជប៉ុន។

កាលពីខែកក្កដា ឆ្នាំមុន ក្រុមហ៊ុន Accor និងក្រុមហ៊ុន Daiwa Resort បានប្រកាសថា ក្រុមហ៊ុនAccor គ្រោងប្តូរឈ្មោះ និងគ្រ​ប់គ្រងប្រតិបត្តិការសណ្ឋាគារទាំង២៣ របស់ក្រុមហ៊ុនDaiwa Resort នៅប្រទេសជប៉ុន។

ចំណាត់ការនេះ នឹងបង្កើនទ្វេរដងនូវចំនួនសណ្ឋាគារ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Accor នៅក្នុងប្រទេសជប៉ុន។

លើសពីនេះទៀត ក្រុមហ៊ុន Accor ក៏គ្រោងនឹងដាក់ឱ្យដំណើរការសណ្ឋាគារប្រណីតដំបូងរបស់ខ្លួន ស្ថិតក្រោមម៉ាកយីហោ Fairmont នៅប្រទេសជប៉ុន ក្នុងឆ្នាំសារពើពន្ធ២០២៥ផងដែរ។

ចំណែក ក្រុមហ៊ុន Hyatt ដែលជាខ្សែសង្វាក់សណ្ឋាគារលំដាប់ពិភពលោកមួយផ្សេងទៀត ក៏មើលឃើញពីឱកាសនៅក្នុងប្រទេសជប៉ុនផងដែរ។

ស្របពេលមានការរំពឹងទុកថា ចំណាប់អារម្មណ៍របស់អ្នកធ្វើដំណើរនៅក្នុងប្រទេសជប៉ុន នឹងបន្តកើនឡើង។ ដូច្នេះក្រុមហ៊ុន Hyatt គ្រោងនឹងបើកសណ្ឋាគារជាច្រើនទៀត នៅក្នុងប្រទេសជប៉ុន នារយៈពេលប៉ុន្មានឆ្នាំខាងមុខនេះផងដែរ។

ខ្សែសង្វាក់សណ្ឋាគារ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបើកសណ្ឋាគារ Toranomon Hills ក្នុងទីក្រុងតូក្យូកាលពីខែមុន ហើយសណ្ឋាគារចំនួនពីរទៀត គ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងនៅទីក្រុងតូក្យូ និងអូសាកានៅឆ្នាំ២០២៤នេះ។

លើសពីនេះ ក្រុមហ៊ុន Hyatt ក៏គ្រោងនឹងបើកដំណើរការម៉ាកយីហោថ្មី ដែលមានឈ្មោះថា Atona សម្រាប់ការស្នាក់នៅបែបប្រពៃណី ryokan ចាប់ពីឆ្នាំ២០២៦តទៅ៕ប្រភព៖ Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here