ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ក្រុមហ៊ុនរុករករ៉ែមាសចំនួន ៣ទៀតបន្ថែមទៀត គ្រោងនឹងចាប់ផ្តើមធ្វើអាជីវកម្ម ចម្រាញ់រ៉ែមាសនៅឆមាសទី ២ឆ្នាំ ២០២៤នេះ ខណៈដែលបច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនចំនួន៦កំពុងធ្វើប្រតិបត្តិការអាជីវកម្មចម្រាញ់រ៉ែមាស នៅក្នុងខេត្តចំនួន៤។
នេះបើតាមការអះអាងពីមន្ត្រី ទទួលបន្ទុកកិច្ចការធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល។
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ឲ្ហយដឹងថា ក្នុងចំណោមក្រុមហ៊ុនទាំង៩ដែលក្រសួងរ៉ែ និងថាមពល បានចេញអាជ្ញាប័ណ្ណរុករករ៉ែមាស ក្នុងនោះមានក្រុមហ៊ុនចំនួន៦ កំពុងដំណើរការអាជីវកម្ម និងក្រុមហ៊ុនចំនួន៣ទៀត កំពុងរៀបចំចង្វាក់ផលិតកម្ម។
លោកបានបញ្ជាក់ថា តាមការរំពឹងទុកក្រុមហ៊ុនរុករករ៉ែមាសចំនួន៣ទៀត អាចនឹងចាប់ផ្តើមដំណើរការអាជីវកម្ម ចម្រាញ់រ៉ែមាសនៅអំឡុងត្រីមាសទី៣ឆ្នាំនេះ ប៉ុន្តែក្នុងទ្រង់ទ្រាយអាជីវកម្មមធ្យមខ្នាតតូចប៉ុណ្ណោះ។ ក្រុមហ៊ុនទាំង ៣នេះ គឺក្រុមហ៊ុន ភូយ៉ាង នៅខេត្តបាត់ដំបង, ក្រុមហ៊ុន ខេមបូឌាន ខេ៨៨ អ៊ិនដាសស្ទ្រី ឯ.ក នៅខេត្តកំពង់ធំ និងក្រុមហ៊ុនមួយផ្សេងទៀត នៅខេត្តរតនគិរី។






