ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអាកាសចរណ៍ជាច្រើន នៅក្នុងតំបន់អាស៊ានកំ ពុងសម្រុកបើកដំណើរការសេវាកម្ម ជើងហោះហើរដោយផ្ទាល់ទៅកាន់ប្រទេសចិន ដែលជាទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក។
ជាក់ស្តែង កាលពីថ្ងៃសៅរ៍ ទី៦ ខែមករាកន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានចាប់ផ្តើមបើកជើងហោះហើររវាងទីក្រុងភ្នំពេញ និងទីក្រុងឆុងឈីង ដែលជាទីក្រុងមានប្រជាជនរស់នៅជាង៣១លាននាក់។
ក្រុមហ៊ុន Cambodia Airways បើកសេវាកម្មហោះហើរទៅកាន់ទីក្រុងឆុងឈីង ចំនួន២ដង ក្នុងមួយសប្តាហ៍ ដូចជាថ្ងៃច័ន្ទ និងថ្ងៃសៅរ៍។ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរចិន ចំនួន៤៩៨.២៥០នាក់ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំមុន ឬស្មើនឹង១០% នៃចំនួនភ្ញៀវទេសចរបរទេសទាំងអស់។
-->
ទន្ទឹមគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍Cambodia Airways ក៏ហោះហើរទៅកាន់ទីក្រុងប៉េកាំង ទីក្រុងShenzhen ទីក្រុង Chengdu ទីក្រុងម៉ាកាវ ទីក្រុងSanya ទីក្រុងJinan ទីក្រុងJieyang និងទីក្រុង Haikouផងដែរ។
ចំណែក ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីថ្មីៗនេះ បានបើកដំណើរការសេវាកម្មហោះហើរដោយផ្ទាល់ទៅកាន់ទីក្រុង Wuxi ជាមួយនឹងរយៈពេលពីរថ្ងៃក្នុងមួយសប្តាហ៍។
ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា ក្រុមហ៊ុននឹងបង្កើនការហោះហើរ រហូតដល់៤ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៥ ខែមករា តទៅ។ ប្រទេសសិង្ហបុរីទទួលបានភ្ញៀវទេសចរចិនចំនួន១,២៣លាននាក់ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំមុន។
ចំណែក ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia គ្រោងនឹងចាប់ផ្តើមបើកជើងហោះហើរ ចំនួន៥ដងក្នុងមួយសប្តាហ៍ រវាងទីក្រុងបាងកក និងទីក្រុងសៀងហៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែកុម្ភៈខាងមុខ។
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Thai Vietjet គ្រោងនឹងចាប់ផ្តើមជើងហោះហើរត្រង់ ពីទីក្រុងបាងកក ទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី១ខែមីនាខាងមុខ។លើសពីនោះ ក្រុមហ៊ុននេះបានហោះហើរ ទៅកាន់ទីក្រុង Shenzhen និងទីក្រុង Hangzhou រួចទៅហើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation Thailand៕