(ភ្នំពេញ)៖ ក្រុមហ៊ុនវិនិយោគអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរ បានសម្រេចមិនគិតកម្រៃថ្លៃចត សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី ក្រោមរយៈពេល ១៥នាទី និងរយៈពេល៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត និងយល់ព្រម បញ្ចុះតម្លៃបន្ថែម សម្រាប់យាន្តយន្តគ្រប់ប្រភេទ ដែលចូល-ចេញអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីដំណោះស្រាយលើបញ្ហាតម្លៃសេវា ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា លើកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត, សម្ដេចបានឱ្យបង្កើតគណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, បណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ ទីស្តីការគណៈរដ្ឋមន្ត្រី លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អភិបាលរងខេត្តសៀមរាប តំណាងក្រសួងស្ថាប័នដែលពាក់ព័ន្ធ ដើម្បីចុះទៅពិនិត្យ និងដោះស្រាយបញ្ហា នេះជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ។








