ដោយ: គង់ លាងហួរ
ហុងកុង: សារពត៌មាន South China Morning Post បានរាយការណ៍ថា ក្រុមហ៊ុន China State Railway Group គ្រោងបញ្ចប់ការផលិតគំរូ និងបើកដំណើរការសាកល្បង រថភ្លើងល្បឿនលឿនបំផុតរបស់ពិភពលោកនៅឆ្នាំនេះ។
ការអភិវឌ្ឍន៍ដោយក្រុមហ៊ុនរដ្ឋចិន China State Railway Group គឺជារបកគំហើញមួយ សម្រាប់គម្រោងច្នៃប្រឌិតបច្ចេកវិទ្យារថភ្លើង CR450 ដែលបានដាក់ចេញដោយទីក្រុងប៉េកាំង កាលពី៣ឆ្នាំមុន។
ប្រតិបត្តិករខាងលើបានគូសបញ្ជាក់ ក្នុងអំឡុងសន្និសីទការងារប្រចាំឆ្នាំរបស់ខ្លួនថា រថភ្លើងម៉ាកCR450 នេះនឹងមានល្បឿនពិសោ ធន៍ រហូតដល់៤៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនប្រតិបត្តិការពាណិជ្ជកម្មចំនួន៤០០គីឡូម៉ែត្រក្នុងមួយម៉ោង។ជាពិសេស រថភ្លើង CR450 អាចជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងប៉េកាំង និងទីក្រុងសៀងហៃ ដែលជាផ្លូវដ៏មមាញឹកបំផុតរបស់ប្រទេសចិនពីជាង៤ម៉ោង មកនៅសល់ត្រឹមតែ២ម៉ោងកន្លះប៉ុណ្ណោះ។
ប្រទេសចិនបានបើកដំណើរការ ខ្សែរថភ្លើងល្បឿនលឿនជាលើកដំបូងរបស់ខ្លួន ក្នុងឆ្នាំ២០០៨ ហើយបណ្តាញនេះត្រូវបានគេចាត់ទុកថា មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចចិន និងចំនួនប្រជាជន១,៤ពាន់លាននាក់របស់ខ្លួន។
រថភ្លើង CR450 គ្រោងនឹងដាក់ឱ្យប្រើប្រាស់ នៅឆ្នាំ២០២៥ ខណៈគម្រោងស្រាវជ្រាវ បានធ្វើឡើងនៅទូទាំងប្រទេស ដើម្បីផ្តោតលើបច្ចេកវិទ្យាផ្លូវដែកសំខាន់ៗ រាប់ចាប់ពីការគ្រប់គ្រងដោយស្វ័យ ប្រវត្តិ និងការរចនាកង់ រហូតដល់ប្រព័ន្ធចង្កូត ការកែលម្អផ្លូវដែក និងវិធានការសុវត្ថិភាព។
ក្រុមហ៊ុន China State Railway Group បានអះអាងថា ការប្រើប្រាស់រថភ្លើងCR450 ត្រូវបានគេរំពឹងថា នឹងមិនសូវប៉ះពាល់ដល់បរិស្ថាន និងសន្សំសំចៃថាមពលជាងមុន បើធៀបទៅនឹងរថភ្លើងល្បឿនលឿនFuxing ដែលមានស្រាប់នាពេលបច្ចុប្បន្ន៕