នាយករដ្ឋមន្រ្តីឥណ្ឌាបង្ហាញពីសក្តានុពល និងសន្ទុះសេដ្ឋកិច្ចរបស់ខ្លួនដើម្បីទាក់ទាញអ្នកវិនិយោគ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានលើកឡើងពីទស្សនវិស័យ សេដ្ឋកិច្ចរបស់ឥណ្ឌា នៅឯកិច្ចប្រជុំកំពូលធុរកិច្ចដ៏សំខាន់មួយ នៅក្នុងរដ្ឋGujarat កាលពីថ្ងៃពុធទី១០ ខែមករា។

ក្នុងកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅពេលក្រុមហ៊ុនខ្នាតយក្សចំនួន២ គឺក្រុមហ៊ុន Maruti Suzuki និងក្រុមហ៊ុន Adani បានបង្ហាញផែនការវិនិយោគ ដែលមានតម្លៃជិត៣០ពាន់លានដុល្លារអាមេរិក។

នៅឯកិច្ចប្រជុំកំពូល Vibrant Gujarat Global Summit លោក Modi បានថ្លែងថា ប្រទេសឥណ្ឌា​ជា​មហាអំណាច ​សម្រាប់​យុវជន​ដែល​មាន​ទេពកោសល្យ ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ សម្រាប់​ការ​ស្វែងរក​ដំណោះស្រាយ និង​ជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ។លោកបានបន្តថា ប្រទេសឥណ្ឌា កំពុងធ្វើដំណើរឆ្ពោះទៅក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទី៣ របស់ពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។

លោក Modi បានគូសបញ្ជាក់ឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា បានបង្ហាញពីសន្ទុះ និងភាពធន់ ទោះបីជាមានបញ្ហាភូមិសាស្ត្រនយោបាយនៅជុំវិញពិភពលោកយ៉ាងណាក្តី។

លើសពីនេះ លោក Narendra Modi បានអញ្ជើញបណ្តាអ្នកវិនិយោគ ឱ្យចូលរួមជាផ្នែកមួយ នៃដំណើររីកចម្រើនរបស់ឥណ្ឌា ដោយលោកបន្ថែមថា “ការប្តេជ្ញាចិត្តរបស់ខ្ញុំនឹងធំដូចក្តីស្រមៃរបស់អ្នក”។

ការថ្លែងបែបនេះរបស់លោក Modi បានធ្វើឡើង ខណៈការបោះឆ្នោតជាតិខិតជិតមកដល់ ដែលលោកនឹងឈរឈ្មោះនៅអាណត្តិទី៣បន្ថែមទៀត និងស្របពេលដែល ក្រុមហ៊ុនសកលកំពុងងាកមកកាន់ប្រទេសឥណ្ឌា ដើម្បីធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ពីប្រទេសចិន។

នៅមុនកិច្ចប្រជុំកំពូលខាងលើ រដ្ឋGujarat ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មកំពូលមួយរបស់ប្រទេសឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគដំបូង ជាមួយក្រុមហ៊ុនចំនួន៥៨ ដែលមានតម្លៃសរុបចំនួន៨៦ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here