ដោយៈ ជេស៊ីកា
ភ្នំពេញៈ វានឹងជាមោទនភាពសម្រាប់កម្ពុជា និងធ្វើឲ្យរាជធានីភ្នំពេញលេចត្រដែតមួយកម្រិតទៀត ប្រសិនជាអាគារភ្លោះកំពសើ៥៦៨ម៉ែត្រនេះ បញ្ចប់ការសាងសង់នាពេលខាងមុខ។
ប៉ុន្តែការពន្យាពេលគំរោងនេះអស់រយៈពេលរាប់ឆ្នាំ បន្ទាប់ពីការងារតេស្តដី និងការងារបច្ចេកទេសមួយចំនួនបានបញ្ចប់ បានធ្វើឲ្យមានការចោទឡើងជារឿយៗថា តើការសាងសង់អាគារនេះអាចចាប់ផ្តើមឡើងវិញឬយ៉ាងណា ហាក់មិនទាន់មានសភាពច្បាស់លាស់នៅឡើយ។
-->
ប៉ុន្តែលោកសាស្រ្តាចារ្យទួស សាភឿនអ្នកដឹកនាំក្រុមស្ថាបត្យករជាតិ អន្តរជាតិគូរប្លង់អាគារកំពស់១៣៣ជាន់នេះ បានបញ្ជាក់ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បញ្ហានៃការពន្យាពេលសាងសង់អាគារភ្លោះនេះ មិនមែនជាបញ្ហារបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុងនោះទេ ប៉ុន្តែវាជាបញ្ហារបស់ក្រុមហ៊ុនជាដៃគូប៉ុណ្ណោះ។
លោកបន្តថា “អាគារនេះ យើងមិនបោះបង់ចោលនោះទេ យើងនឹងនៅតែបន្តសាងសង់ នៅពេលស្ថានភាពសេដ្ឋកិច្ចប្រសើរឡើង”។ ទោះជាយ៉ាងណា លោកសាស្រ្តាចារ្យទួស សាភឿន ដែលជាថ្នាក់ដឹកនាំ ជាន់ខ្ពស់មួយរូបរបស់អាគារនេះ មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ ដែលអាគារនេះនឹងចាប់ផ្តើមសាងសង់នោះទេ។
តាមគំរោងអាគារភ្លោះកំពស់ខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ាន និងពិភពលោកនេះ(សំដៅតែលើអាគារភ្លោះ)នេះ នឹងប្រើប្រាស់សម្រាប់សណ្ឋាគារប្រណីតលំដាប់ផ្កាយ៦ ខុនដូ អាផាតម៉ិន ប្រណីតមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្លឹបកំសាន្ត ការិយាល័យធ្វើការ ភោជនីយដ្ឋាន កន្លែងគយគន់ទិដ្ឋភាពរាជធានីភ្នំពេញជាដើម។
លោកសាស្រ្តាចារ្យទួស សាភឿនបានមានប្រសាសន៍ឲ្យដឹងលន្លងមកថា វានឹងជាមោទនភាពសម្រាប់កម្ពុជា ហើយវត្តមានអាគារនេះនឹងទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ មកដាក់ការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ ព្រោះអាគារនេះមានស្តង់ដាលំដាប់ពិភពលោកពិតប្រាកដ៕