ដោយ: គង់ លាងហួរ
តៃបុិ: នៅទីបំផុត លោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់ ដោយទទួលបានសំឡេងគាំទ្រជិត៥,៦លានសំឡេង ឬស្មើនឹង៤០ភាគរយនៃសំឡេងឆ្នោតបានការទាំងអស់។
គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់កោះតៃវ៉ាន់ បានជាប់ឆ្នោតដើម្បីឡើងមកដឹកនាំរដ្ឋាភិបាល ចំនួន៣អាណត្តិជាប់ៗគ្នា គិតត្រឹមការបោះឆ្នោតលើកនេះ។
នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Al Jazeera កាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា។ទាក់ទិនទៅនឹងលទ្ធផលនៃការបោះឆ្នោតខាងលើ ថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិក និងប្រទេសចិន បានបង្ហាញប្រតិកម្មចំពោះការជ្រើសរើសបានប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់នាពេលនេះ ។
ជាក់ស្តែង លោក Chen Binhua អ្នកនាំពាក្យការិយាល័យចិនទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ បានថ្លែងថា “ការបង្រួបបង្រួម ជាមួយតៃវ៉ាន់នៅតែជារឿងជៀសមិនរួច បន្ទាប់ពីលោក Lai Ching-te ជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ ដែលរដ្ឋាភិបាលចិនចាត់ទុកជាខេត្តមួយរបស់ខ្លួន” ។
-->
យោងតាមសេចក្ដីថ្លែងការណ៍ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua លោក Binhua បានបន្តទៀតថា “ចិនប្រឆាំង យ៉ាងដាច់ខាត ចំពោះ សកម្មភាព ចង់ប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់ ព្រម ទាំង ប្រឆាំងនឹងការ ជ្រៀត ជ្រែក ពី បរទេសផងដែរ ជាពិសេសលទ្ធផលឈ្នះឆ្នោតរបស់គណបក្ស DPP ក៏ពុំអាចតំណាងឱ្យសាធារណមតិរបស់កោះមួយនេះដែរ” ។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានបង្ហាញអំពីការយល់ឃើញផងដែរ ចំពោះប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ ដែលមកពីបក្សកំពុងកាន់អំណាចស្រាប់ ជាពិសេសលោក Lai Ching-te គឺជាបុគ្គលដែលទីក្រុងប៉េកាំងចាត់ទុកជាមនុស្សគ្រោះថ្នាក់ និងជាជនបំផ្លាញសន្តិភាព ។
ម្យ៉ាងទៀត នៅពេលដែលសារព័ត៌មាន Reuters សាកសួរអំពីគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោនលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ លោក ចូ បៃដិន បានបញ្ជាក់យ៉ាងខ្លីថា “សហរដ្ឋអាមេរិកមិនគាំទ្រចំពោះឯករាជ្យភាពរបស់តៃវ៉ាន់នោះទេ”។
ទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានផ្ញើសារអបអរសាទរចំពោះជ័យជម្នះរបស់លោក Lai ផងដែរ ដោយបន្ថែមថា “ទីក្រុងវ៉ាស៊ីនតោនមានការប្តេជ្ញាចិត្ត ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ រួមទាំងការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី គ្មានការបង្ខិតបង្ខំ និងគ្មានការដាក់សម្ពាធ”៕