រដ្ឋាភិបាលត្រៀមចំណាយ៧៧លានដុល្លារ លើការអភិវឌ្ឍវិស័យកសិកម្មក្នុងឆ្នាំនេះ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ កញ្ចប់​ថវិកាដែល​រដ្ឋាភិបាល​ ត្រៀម​ចំណាយ​​លើក្រ​សួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួនប្រមាណ៧៧លានដុល្លារអាមេរិក។

ទំហំថវិកានេះ គឺជាការចំណាយចរន្ត ដោយក្នុងនោះ មាន៥៥,៥លានដុល្លារ ជាចំណាយផ្តោតលើការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។ នេះ​បើតាមរបាយការណ៍ថវិកា​សង្ខេប ​ឆ្នាំ២០២៤ (Budget in Brief, Fiscal Year 2024)។ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស។

របាយការណ៍ថវិកា​សង្ខេប​ឆ្នាំ២០២៤ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា កម្មវិធីគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធន​ធានមនុស្ស របស់ក្រសួងកសិកម្ម ដែលមានទំហំចំណាយដល់ជាង៥៥លានដុល្លារនោះ គឺសម្រាប់កសាងផែនការ គោលនយោបាយ និងប្រព័ន្ធស្ថិតិកសិកម្ម, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកប​ដោយប្រសិទ្ធភាព ពង្រឹងការគ្រប់គ្រងស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញសវនកម្មផ្ទៃក្នុង។​

ទំហំថវិកានេះ​ ក៏ប្រើសម្រាប់បង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារសហប្រតិបតិ្តការអន្តរជាតិ ពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យកសិកម្ម ពង្រឹងគាំទ្រសេវារដ្ឋបាល ការបង្កើនប្រសិទ្ធភាពការងារអធិ​ការកិច្ច ការរៀបចំបង្កើត គ្រប់គ្រង និងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល។

ប្រើសម្រាប់កែទម្រង់គុណភាពអប់រំ និងស្រាវជ្រាវកសិកម្មនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម លើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ពង្រឹងគុណភាពប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យកសិកម្មរបស់វិទ្យាស្ថានជាតិ កសិកម្ម​កំពង់ចាម, ការលើកកម្ពស់ការងារផ្សព្វផ្សាយ កសិកម្ម និងការបង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្សនៅរាជធានី-ខេត្ត។​

ចំណែកថវិកាជាង១១លានទៀត នៃកញ្ចប់ថវិកាសរុប៧៧លានដុល្លារ ដែលរដ្ឋាភិបាលចំណាយលើក្រសួង កសិកម្ម គឺផ្តោតលើការបង្កើនផលិតភាព ពិពិធកម្មដំណាំកសិកម្ម និងកសិ-ធុរកិច្ច។ ក្នុងនោះ មានការបង្កើនផលិតភាព ដំណាំមានសក្តានុពល និងការនាំចេញ, ការសិក្សា និងវាយតម្លៃប្រភេទពូជដំណាំ និងបច្ចេកទេសផលិតកម្មដំណាំ, ការពង្រឹងសមត្ថភាពស្ថាប័ន និងការផ្តល់សេវាគាំទ្រ, ការលើកកម្ពស់ និងពង្រីកខ្សែច្រវាក់តម្លៃកៅស៊ូ, លើកកម្ពស់គុណភាពពិសោធន៍ និងស្រាវជ្រាវកៅស៊ូ, ការអភិវឌ្ឍកសិ-ឧស្សាហកម្ម, ការស្រាវជ្រាវ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច នៃដំណាំស្បៀង និងការជំរុញផលិតកម្មដំណាំកសិកម្ម និងកសិ-ធុរកិច្ច នៅគ្រប់រាជធានី-ខេត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here