ដោយៈ គង់ សូរិយា
ភ្នំពេញៈ កម្ពុជា ពោរពេញដោយសក្តានុពល សម្រាប់វិនិយោគជាច្រើនឥតគណនា សម្រាប់វិនិយោគិន ធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាព កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ។
ទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង១០ដង ពី៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។ សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង១៥ដង ក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគ ដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ១០០។លើសពីនេះ កម្ពុជាសម្បូរពោរពេញដោយកម្លាំងពលកម្ម ដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ កម្ពុជាក៏បានធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពល ដែលផ្តល់នូវកាលានុវត្តភាពប្លែកពីគេ សម្រាប់វិនិយោគ។
សន្តិភាពដែលកម្ពុជារកបាន និងរក្សាបាន ក៏ក្លាយជាឱកាសបន្ថែមដល់ការបើកចំហរជើងមេឃ លើមាគ៌ាសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីជំរុញដល់វិស័យដទៃទៀត ដូចជា ថាមពលកកើតឡើងវិញ កម្មន្តសាល ព្រមទាំងវិស័យទេសចរណ៍ ដែលជាគន្លឹះសេដ្ឋកិច្ចដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។
ចំណែកឯវិស័យកម្មន្តសាល កម្ពុជាបានរៀបចំរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីរក្សានូវថ្លៃដើមកម្លាំងពលកម្មសមរម្យ និងមានទីតាំងជាយុទ្ធសាស្ត្រ ដែលជាច្រកដ៏ល្អប្រសើរ សម្រាប់ការនាំចេញទំនិញទៅកាន់ប្រទេសដទៃទៀតលើសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន និងទ្វេភាគីជាច្រើនទៀត។ វិស័យដ៏មានសក្តានុពល ដែលកំពុងមានសន្ទុះខ្លាំងក្លានៅកម្ពុជា គឺវិស័យអចលនទ្រព្យ ដោយបច្ចុប្បន្ន វិនិយោគិននឹងអាចពើបប្រទះទៅដោយសំណង់អគារ និងគម្រោងអភិវឌ្ឍន៍ជាច្រើនពាសពេញផ្ទៃប្រទេស។
ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីបន្ថែមលើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ ពេញស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថល សម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ។
រដ្ឋាភិបាលកម្ពុជា ក៏ប្តេជ្ញាធ្វើកំណែទម្រង់សេដ្ឋកិច្ច និងទស្សនទានច្បាស់លាស់ ក្នុងការសម្រេចបានជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុង២០៥០។
មិនតែប៉ុណ្ណោះ តាមរយៈការព្យាករណ៍សេដ្ឋកិច្ចរបស់IMF ក៏បានបង្ហាញថា កម្ពុជាបានកើនឡើងនូវសេដ្ឋកិច្ចក្នុងរង្វង់ ៥.៦ភាគរយក្នុងឆ្នាំ២០២៣ ហើយនឹងកើនដល់ ៦.៦ភាគរយក្នុងឆ្នាំ២០២៤។
កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍នូវវិនិយោគិនពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
ព័ត៌មានដ៏មានសារៈសំខាន់នេះ ត្រូវបានបង្ហោះក្នុងឆាណែលតេឡេក្រាមសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងChanel Telegramរបស់សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រកាលពីល្ងាចថថ្ថៃទី១៥ មករា ផងដែរ៕