ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Lockheed Martin Corp និងទីភ្នាក់ងារអវកាសអាមេរិក កំពុងផ្តល់ជូនសាធារណៈជន នូវទិដ្ឋភាពយន្តហោះ ដែលអាចអនុញ្ញាតឱ្យ ក្រុមហ៊ុនអាកាសចរណ៍នានា បង្កើនល្បឿនហោះហើររបស់ពួកគេកាន់តែលឿនជាងមុន។
យន្តហោះល្បឿនលឿនជាងសំឡេង X-59 ត្រូវបានដាក់តាំងបង្ហាញកាលពីថ្ងៃសុក្រ ទី១២ ខែមករា នៅក្នុងទីក្រុង Palmdale រដ្ឋកាលីហ្វ័រញ៉ា ដែលវាត្រូវបានរចនាឡើង ដើម្បីហោះហើរលឿនជាងល្បឿនសំឡេងប្រហែល១.២២០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅកម្រិតទឹកសមុទ្រ និងបង្កសំឡេងរំខានតិចជាងមុនឆ្ងាយណាស់។
ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនLockheed Martin បានឈ្នះកិច្ចសន្យា ដែលមានតម្លៃប្រហែល២៥០លានដុល្លារ ដើម្បីសាងសង់យន្តហោះមួយនេះ ដែលមានបន្ទប់សម្រាប់អ្នកបើកបរម្នាក់ និងត្រូវបានបំពាក់ដោយម៉ាស៊ីន General Electric F414 ដើម្បីកាត់បន្ថយសំឡេងរំខាន និងសូរសំឡេងផ្ទុះ។យន្តហោះនេះត្រូវបានរចនាឡើង ដើម្បីឈានដល់ល្បឿនលឿនជាងសំឡេង១,៥ដង និងកាត់បន្ថយសំឡេងផ្ទុះ ទៅជាសំឡេងស្រាលជាងមុន ដោយមានការរចនាស្លាបរបស់យន្តហោះរាង ជារាងអក្សរ V និងតួខ្លួនយន្តហោះស្រួចវែង។
រដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិអាមេរិក (NASA) បានអះអាងថា ដើមឡើយក្រុមហ៊ុនរំពឹងថា នឹងដាក់ឱ្យហោះហើរយន្តហោះ X-59 នៅឆ្នាំ២០២១។ គម្រោងទាំងមូល រួមទាំងការតេស្តសាកល្បង នឹងត្រូវចំណាយទឹកប្រាក់អស់ ប្រហែល៦៣២លានដុល្លារនិងចំណាយរយៈពេល៨ឆ្នាំ។ប៉ុន្តែក្រៅពីការយកឈ្នះលើសូរសំឡេងផ្ទុះ ដែលបណ្តាលមកពីកម្លាំងទប់នៃខ្យល់ ក្រុមហ៊ុនក៏នឹងត្រូវដោះស្រាយ ជាមួយនឹងបទប្បញ្ញត្តិសំឡេងរំខាន នៅអាកាសយានដ្ឋាន កាន់តែតឹងរ៉ឹងជាងពេលដែលយន្តហោះ Concorde របស់អឺរ៉ុបបានបញ្ឈប់ការហោះហើរយន្តហោះល្បឿនលឿនជាងសំឡេង ក្នុងឆ្នាំ២០០៣ទៅទៀត។
សព្វថ្ងៃនេះ ក៏មានការត្រួតពិនិត្យកាន់តែខ្ពស់ លើផលប៉ះពាល់នៃការបំភាយឧស្ម័ន របស់យន្តហោះទៅលើបរិស្ថានផងដែរ។យន្តហោះ X-59 ត្រូវបានគេរំពឹងថា នឹងមានការបើកដាក់ឱ្យហោះហើរ ជាលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២៤នេះ ប៉ុន្តែកាលបរិច្ឆេទជាក់លាស់ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានBloomberg៕