ដោយ: គង់ លាងហួរ
ហាណូយ: យោងតាមក្រុមហ៊ុនប្រឹក្សាផ្នែកអចលនទ្រព្យ CBRE Vietnam បានឱ្យដឹងថា តម្លៃទីផ្សារខុនដូទាំងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ នឹងបន្តនិន្នាការកើនឡើងនៅឆ្នាំ២០២៤នេះ។
តម្លៃខុនដូនៅក្នុងទីក្រុងទាំងពីរនៅតែមានកម្រិតខ្ពស់ដដែល ជាពិសេសនៅទីក្រុងហាណូយ ដែលតម្លៃនៅលើទីផ្សារបឋមបានកត់ត្រាកំណើនយ៉ាងឆាប់រហ័ស ដោយសារតែបរិមាណដ៏ច្រើននៃការផ្គត់ផ្គង់ថ្មី នៅក្នុងផ្នែកខុនដូលំដាប់ប្រណីត(High-end)។
លោក Dung Dương នាយកប្រតិបត្តិនៃក្រុមហ៊ុន CBRE Vietnam បានមានប្រសាសន៍ថា“នៅឆ្នាំ២០២៣ យើងបានសង្កេតឃើញការនិន្នាការផ្ទុយគ្នា រវាងទីផ្សារលំនៅដ្ឋាននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដោយនៅពេលនេះ ទីផ្សារនៅទីក្រុងហាណូយដើរតាមគន្លងស្រដៀងគ្នាទៅនឹងទីក្រុងហូជីមិញប្រហែលកាលពី៣ឆ្នាំមុន”។ជាពិសេស នៅចុងឆ្នាំ២០២៣ តម្លៃខុនដូជាមធ្យម នៅលើទីផ្សារបឋម(Primary Market) របស់ទីក្រុងហាណូយ បានឈានដល់៥៣លានដុងក្នុងមួយម៉ែត្រការ៉េ (ដោយមិនរាប់បញ្ចូលអាករលើតម្លៃបន្ថែម និងថ្លៃថែទាំ) ពោលគឺកើនឡើង១៤,៦% បើធៀបនឹងឆ្នាំ២០២២។ ចំនួនខាងលើនេះ គឺជាតម្លៃខុនដូនៅក្នុងទីក្រុងហូជីមិញ កាលពីអំឡុងឆ្នាំ២០២១ដល់ឆ្នាំ២០២១។
ផ្ទុយទៅវិញ តម្លៃខុនដូនៅលើទីផ្សារបឋមរបស់ទីក្រុងហូជីមិញ បានធ្លាក់ចុះមកនៅត្រឹមជាង៦១លានដុង ក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ២០២៣ ពោលគឺថយចុះ១,៧ភាគរយបើធៀបនឹងឆ្នាំ២០២២។
នៅក្នុងទីផ្សារបន្ទាប់បន្សំ(Secondary Market) តម្លៃលក់ខុនដូនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានបន្តដើរតាមនិន្នាការផ្ទុយគ្នា។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Vietnam។
តម្លៃខុនដូនៅលើទីផ្សារបន្ទាប់បន្សំរបស់ទីក្រុងហាណូយក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បានបន្តកើនឡើងដល់ប្រហែល៣៣លានដុង ក្នុងមួយម៉ែត្រការ៉េ កើនឡើង៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។
ផ្ទុយទៅវិញ តម្លៃខុនដូនៅលើទីផ្សារបន្ទាប់បន្សំរបស់ទីក្រុងហូជីមិញគឺ៤៥លានដុងក្នុងមួយម៉ែត្រការ៉េ ដោយមានការថយចុះ៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។
លោក Nguyễn Hoài An នាយកជាន់ខ្ពស់របស់ក្រុមហ៊ុនCBRE Vietnam ប្រចាំសាខាទីក្រុងហាណូយ អះអាងថា “នៅឆ្នាំ២០២៤ យើងក៏រំពឹងថា កម្រិតតម្លៃសរុបនៅក្នុងទីផ្សារលំនៅដ្ឋានរបស់ទីក្រុងហាណូយ និងទីក្រុងហូជីមិញនឹងបន្តស្ថិតក្នុងនិន្នាការ ដែលមានស្ថិរភាព។ ជាពិសេស ផ្នែកលំនៅដ្ឋានអាផាតមុិននៅទីក្រុងហាណូយនឹងបន្តហក់ឡើងថ្លៃនៅឆ្នាំ២០២៤នេះ”៕ប្រភព៖Vietnam News៕