ដោយៈ គង់ សូរិយា
ប៉ារីសៈ ក្រុមហ៊ុនបារាំងធំមួយ ចាប់អារម្មណ៍លើការវិនិយោគបណ្តាញផ្លូវដែក និងប្រព័ន្ឋដឹកជញ្ជូននៅកម្ពុជា។
ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុនAlstom ក្នុងពេលជួបសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
លោក Philippe DELLEUR បានគោរពជម្រាបជូនសម្តេចធិបតី អំពីសកម្មភាព និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលក្រុមហ៊ុនបាននិងកំពុងបណ្ដាក់ទុនវិនិយោគ លើវិស័យដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងលឿន ដែលមាន ដូចជា រថភ្លើងលឿនមេត្រូ ម៉ណូរ៉េល (Monorail) និងត្រាម (Trams)។
លោកបានបន្ថែមថា ក្រុមហ៊ុនមានបទពិសោធន៍ជាច្រើន លើវិស័យនេះ ព្រមទាំងបាន និងកំពុងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក ក្នុងនោះរួមមានបណ្ដាប្រទេសអាស៊ានដូចជា ប្រទេសថៃ ប្រទេសហ្វីលីពីន និងប្រទេសវៀតណាមផងដែរ។
លោកPhilippe DELLEUR បានបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍របស់ក្រុមហ៊ុនលើវិស័យនេះ នៅទ្វីបអាស៊ី ក្រុមហ៊ុនមានលទ្ធភាព និងសក្ដានុពលគ្រប់គ្រាន់ ក្នុងការវិនិយោគលើការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ហើយក្រុមហ៊ុនចាប់អារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង ការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់មួយទៀត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះ ក្រុមហ៊ុនបានបញ្ជាក់ថា ក៏ចាប់អារម្មណ៍លើការសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់តំបន់អាកាសយានដ្ឋាន ឬតំបន់ផ្សេងៗ។
សម្តេចធិបតីហ៊ុន ម៉ាណែតបានស្វាគមន៍ និងសម្ដែងនូវក្ដីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោក Philippe DELLEUR និងបានគូសបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្ដល់សារៈសំខាន់ខ្ពស់ដល់ការពង្រឹង និងពង្រីកលើទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត និងជាពិសេសផ្ដោតយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
សម្ដេចធិបតីបានបន្ថែមទៀតថា កម្ពុជាមានគោលនយោយបាយ និងបរិស្ថានអំណោយផលដល់វិនិយោគិនបរទេស ដូចជា ច្បាប់វិនិយោគថ្មី ដែលផ្ដល់ក្របខ័ណ្ឌអនុគ្រោះ និងការលើកទឹកចិត្តដល់ការវិនិយោគផ្ទាល់ពីបរទេស និងការលើកទឹកចិត្តផ្សេងៗទៀត។ សម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងវិនិយោគិនបារាំង មកបណ្ដាក់ទុននៅកម្ពុជា និងគាំទ្រដល់ក្រុមហ៊ុនពិភាក្សាបន្ថែមទៀត ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពិនិត្យលទ្ធភាពសិក្សា នៅតាមតំបន់មានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម៕