ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលដែលបច្ចេកវិទ្យា របស់ពិភពលោកកំពុងដើរទៅមុខយ៉ាងឆាប់រហ័ស គេសង្កេតឃើញមាន ក្រុមហ៊ុនស្ថាបត្យកម្មជាច្រើនបាន និងកំពុងរចនាអគារខ្ពស់ៗ ព្រមទាំងមានរូបរាងប្លែកៗផងដែរ។
ក្នុងនោះ ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញ របស់ប្រទេសអង់គ្លេ ស ដែលមានឈ្មោះថា Zaha Hadid Architects បាននិងកំពុងរចនាអគារម៉ូដប្លែកៗជាច្រើន នៅលើពិភពលោក។
ដូច្នេះ សារពត៌មានរបស់យើង សូមធ្វើការដកស្រង់ចុះផ្សាយអំពីអគារដ៏ប្រណីតចំនួន៣ ដែលរចនាឡើងដោយក្រុមហ៊ុន Zaha Hadid Architects ដូចមានបញ្ជាក់នៅខាងក្រោមនេះ។
ទី១: អគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនOPPO
ការសាងសង់ទីស្នាក់ការក្រុមហ៊ុន OPPO នៅក្នុងទីក្រុង Shenzhen របស់ប្រទេសចិន គ្រោងនឹងបញ្ចប់ឱ្យបានរួចរាល់ នៅត្រឹមឆ្នាំ២០២៥ ដែលទីស្នាក់ការនេះ មានអគារចំនួន៤តភ្ជាប់គ្នា និងកំពស់អតិបរមា២០០ម៉ែត្រ។អគារនីមួយៗ នឹងត្រូវបានកំណត់លក្ខណៈ ដោយទម្រង់កញ្ចក់ប្រហោងក្នុង ដែលសម្រួចឆ្ពោះទៅរកកម្រិតកម្ពស់ លើដីផ្ទាល់(Ground Level) ទោះបីជាអគារទាំង៤ មានកម្ពស់ខុសៗគ្នាក៏ដោយក្តី។
ទី២: អគារ Tower C
Tower C គឺជាអគារខ្ពស់កប់ពពកមួយទៀត ជាមួយនឹងកំពស់ជិត៤០០ម៉ែត្រ ដែលគ្រោងនឹងលេចរូបរាងឡើង នៅទីក្រុង Shenzhen ក្នុងឆ្នាំ២០២៧ខាងមុខ។អគារនេះត្រូវបាន រំលេចចេញនូវប៉មចំនួន២ ដែលមានរចនាបថរួមគ្នា អមជាមួយនឹងពណ៌បៃតង និងមានការរចនាប្រកបដោយនិរន្តរភាពផងដែរ ដែលមានដូចជាបន្ទះសូឡា និងប្រព័ន្ធប្រមូលទឹកភ្លៀង។
ទី៣: អគារ Vauxhall Cross Island
ការសាងសង់អគារ Vauxhall Cross Island ត្រូវបានគេរាយការណ៍មកថា បានចាប់ផ្តើមដំណើរការហើយ ដែលជាអគារប៉មភ្លោះស្ថិតនៅភាគខាងត្បូងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។នៅក្នុងគម្រោងនេះ ប៉មនៃអគារមួយមានកម្ពស់១៨៥ម៉ែត្រ (ឬ៦០៦ហ្វីត) និងប៉មមួយទៀត មានកម្ពស់១៥១ម៉ែត្រ (ឬ៤៩៥ហ្វីត)។ អគារ Vauxhall Cross គឺជាអគារពហុមុខងារ ដែលរួមមានទាំងការិយាល័យ សណ្ឋាគារ និងមានជាកន្លែងសម្រាប់រស់នៅផងដែរ៕