ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Microsoft បានដណ្តើមតំណែងរបស់ក្រុមហ៊ុន Apple ដោយក្លាយជាក្រុមហ៊ុនធំជាងគេលើពិភពលោក បើគិតពីមូលធនទីផ្សារ ខណៈ Microsoft បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើ AI ដែលជាវិស័យកំពុងទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីអ្នកវិនិយោគ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft រួមជាមួយនឹងក្រុមហ៊ុន Nvidia និង Amazon បានសង្កត់ធ្ងន់លើបញ្ញាសិប្បនិម្មិត (AI) ដែលនាំឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនទាំងនេះ កើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេល១ឆ្នាំកន្លងមក។ តួយ៉ាង តម្លៃទីផ្សាររបស់ក្រុមហ៊ុន Microsoft បានកើនឡើងជាង១ទ្រីលានដុល្លារអាមេរិក។
យោងតាមទិន្នន័យបង្ហាញថា តម្លៃមូលធនទីផ្សារ (Market Cap)របស់ក្រុមហ៊ុន Microsoft មានចំនួន២,៨៨៧ទ្រីលានដុល្លារ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ខណៈតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Apple គឺ២,៨៧៥ទ្រីលានដុល្លារ គិតត្រឹមថ្ងៃបិទកាលពីថ្ងៃសុក្រ សប្តាហ៍មុន បន្ទាប់ពីបានហក់ឡើងដល់កម្រិតកំពូល៣,០៨១ទ្រីលានដុល្លារ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំមុន។
ក្រុមហ៊ុន Microsoft បានដាក់បញ្ចូលបច្ចេកវិទ្យារបស់ OpenAI នៅគ្រប់ឈុតកម្មវិធី Software ផលិតភាពរបស់ខ្លួន ដែលចំណាត់ការនេះ បានជំរុញឱ្យសេវាកម្មនៃប្រព័ន្ធបច្ចេកវិទ្យានៅលើប្រព័ន្ធអុីនធើណែតរបស់ក្រុមហ៊ុន Microsoft ស្ទុះងើបឡើងវិញកាលពីត្រីមាសទី៣ ឆ្នាំមុន។
ម៉្យាងវិញទៀត ក្រុមហ៊ុនបច្ចេកវិទ្យា Apple កំពុងជួបប្រទះនឹងបញ្ហាប្រឈម ដោយសារតម្រូវការធ្លាក់ចុះ ខណៈការលក់ផលិតផលទូរស័ព្ទដៃស្មាតហ្វូន iPhone15 របស់ខ្លួន កំពុងមានការថយចុះយ៉ាងខ្លាំង។
ជាមួយគ្នានេះ ក្រុមហ៊ុន Apple កំពុងជួបការលំបាក ជាពិសេសនៅក្នុងប្រទេសចិន ខណៈការប្រកួតប្រជែងពីក្រុមហ៊ុន Huawei កំពុងស្ទុះងើបឡើងវិញកាន់តែខ្លាំង ដែលជះផលប៉ះពាល់ដល់ចំណែកទីផ្សាររបស់ខ្លួន៕ប្រភព៖Reuters៕