តើទ្រព្យសម្បត្តិរបស់មហាសេដ្ឋីកំពូលទាំង៥ នៅលើពិភពលោកហក់ឡើងដល់ប៉ុន្មានទ្រីលានដុល្លារហើយ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: សារពត៌មាន CNN បានចុះផ្សាយថា មហាសេដ្ឋីកំពូលចំនួន៥ រួមមានលោក Elon Musk លោក Larry Ellison លោក Bernard Arnault លោក Warren Buffett និងលោក Jeff Bezos បានស្គាល់នូវកំណើនទ្រព្យសម្បត្តិ ច្រើនជាងគេបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

គិតចាប់តាំងពីឆ្នាំ២០២០មក ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីទាំង៥រូបនេះ បានកើនឡើង១១៤% ដល់ចំនួនសរុប៨៦៩ពាន់លានដុល្លារបន្ទាប់ពីគិតលើអតិផរណា។ នេះបើយោងតាមរបាយការណ៍វិសមភាពប្រចាំឆ្នាំរបស់ក្រុមហ៊ុន Oxfam ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ។

ក្នុងពេលជាមួយគ្នានេះដែរ ប្រជាជនជិត៥ពាន់លាននាក់នៅទូទាំងពិភពលោក កាន់តែមានជីវភាពក្រីក្រ ដោយសារពួកគេប្រឈមមុខនឹងអតិផរណា សង្គ្រាម និងវិបត្តិអាកាសធាតុ ហើយដើម្បីលុបបំបាត់ភាពក្រីក្រ ដោយផ្អែកលើគន្លងបច្ចុប្បន្ន នឹងត្រូវចំណាយពេលជិត២៣០ឆ្នាំ។

លោក Nabil Ahmed នាយកផ្នែកសេដ្ឋកិច្ច និងយុត្តិធម៌ពូជសាសន៍របស់ Oxfam America បានលើកឡើងថា ទោះបីជាវិសមភាពកំពុងកើនឡើងយ៉ាងណាក្តី ប៉ុន្តែវាក៏មានចំណុចល្អមួយចំនួនផងដែរ។

លោកបន្តថា កម្មករបាននិងកំពុងបង្ហាញសាច់ដុំ របស់ពួកគេ តាមរយៈការធ្វើកូដកម្ម និងទាមទារកិច្ចព្រមព្រៀង ដែលផ្តល់សំណង និងលក្ខខណ្ឌការងារកាន់តែប្រសើរឡើង។លោកបន្ថែមថា  ម្យ៉ាងវិញទៀត រដ្ឋាភិបាលនៅតាមប្រទេសមួយចំនួនបានឈរនៅខាងពួកគេ ដោយជំរុញដាក់ចេញគោលនយោ​បាយនានា សំដៅទៅពង្រឹងសិទ្ធិរបស់កម្មករ។

លោក​ Elon Musk ម្ចាស់ក្រុមហ៊ុន Tesla និង SpaceX គឺជាមហាសេដ្ឋី ដែលរកចំណូលបានច្រើនជាងគេ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។  ទ្រព្យសម្បត្តិរបស់លោក បានកើនឡើងដល់២៤៥,៥ពាន់លានដុល្លារ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំមុន គឺកើនឡើង៧៣៧% បើធៀបនឹងខែមីនា ឆ្នាំ២០២០។

លោក Bernard Arnault ប្រធានក្រុមហ៊ុនទំនិញប្រណីតរបស់បារាំង LVMH និងគ្រួសាររបស់លោក មានទ្រព្យសម្បត្តិសរុបចំនួន១៩១,៣ពាន់លានដុល្លារ កើនឡើង១១១%។

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos មានទ្រព្យសម្បត្តិ១៦៧,៤ពាន់លានដុល្លារ កើនឡើង២៤% ខណៈដែលលោក Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបចំនួន១៤៥,៥ពាន់លានដុល្លារ កើនឡើង១០៧% ។

ចំណែកឯ នាយកប្រតិបត្តិក្រុមហ៊ុនBerkshire Hathaway លោកWarren Buffett មានទ្រព្យសម្បត្តិសុទ្ធចំនួន១១៩,២ពាន់លានដុល្លារ ដោយកើនឡើង៤៨%។

សរុបមក ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំង៥រូបនេះ បានកើនឡើងចំនួន៣,៣ទ្រីលានដុល្លារ កើនឡើង៣៤ភាគរយ បើគិតចាប់តាំងពីឆ្នាំ២០២០ ដោយទ្រព្យសម្បត្តិរបស់ពួកគេ កើនឡើង៣ដងលឿនជាងអត្រាអតិផរណា។ នេះបើយោងតាម ​​ក្រុមហ៊ុនOxfam៕

LEAVE A REPLY

Please enter your comment!
Please enter your name here