ថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំៗជាច្រើនគ្រោងធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេស ដើម្បីស្វែងរកឱកាសពង្រីកពាណិជ្ជកម្ម

0

ដោយ: គង់ លាងហួរ

ប៉េកាំង: ទីភ្នាក់ងារសារពត៌មាន Xinhua បានរាយការណ៍ថា ប្រទេសចិនគ្រោងនឹងរៀបចំ ដំណើរទៅក្រៅប្រទេស សម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មបរទេស មួយចំនួនធំនៅឆ្នាំ២០២៤នេះ។

ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំៗ ធ្វើឡើង ក្នុង​គោលដៅ ស្វែងរកឱកាសបង្កើតកិច្ចព្រមព្រៀង និងពង្រីកទីផ្សារពាណិជ្ជកម្ម។

ក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ ពាណិជ្ជកម្មអន្តរជាតិ (CCPIT) បានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួននឹងរៀបចំឱ្យមានក្រុមសហគ្រាសជាង១.០០០ ធ្វើទស្សនកិច្ចនៅបរទេសក្នុងឆ្នាំនេះ ដើម្បីចូលរួមក្នុងការតាំងពិព័រណ៍ ធ្វើការស្រាវជ្រាវទីផ្សារ និងពិភាក្សាអំពីពាណិជ្ជកម្ម។យោងតាមក្រុមប្រឹក្សាចិន សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ ​​(CCPIT) ដំណើរទស្សនកិច្ចទៅកាន់បរទេសទាំងនេះ នឹងផ្តល់អាទិភាពដល់ដៃគូពាណិជ្ជកម្ម និងដៃគូសេដ្ឋកិច្ចធំៗ ដូចជាអឺរ៉ុប អាមេរិកខាងជើង ជប៉ុន កូរ៉េខាងត្បូង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងអាមេរិកឡាទីន។

លោក Ren Hongbin ប្រធាន CCPIT បានថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់ជាតិស្តីពី ការលើកកម្ពស់ពាណិជ្ជកម្មបរទេសថា ក្រុមប្រឹក្សានឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយដល់ក្រុមហ៊ុនចិន ក្នុងការពង្រីកទីផ្សារ នៅក្រៅប្រទេសរបស់ពួកគេនៅឆ្នាំ២០២៤នេះ។

យោងតាមទិន្នន័យផ្លូវការបង្ហាញថា ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន មានទំហំទឹកប្រាក់ចំនួន៤១,៧៦ទ្រីលានយ័ន (ប្រហែល៥,៨៨ទ្រីលានដុល្លារ) ក្នុងឆ្នាំ២០២៣ កើនឡើង០,២ភាគរយធៀបនឹងឆ្នាំ២០២២ បើគិតជាប្រាក់យ័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here