ដោយៈ គង់ សូរិយា
ស្វីសៈ លោកJared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs បានបង្ហាញពីបំណងពង្រីកឱកាសវិនិយោគនៅកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅប្រទេសស្វីសជាមួយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្នុងជំនួបកាលពីងថ្ងៃទី១៦ មករាកន្លងមកនេះ លោក Jared Cohen បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Goldman Sachs Group, Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ។
ក្រុមហ៊ុននេះបានបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ជាអាទិ៍ សាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល ជាដើម ។
លោកJared Cohen ក៏បានជម្រាបជូនសម្តេចធិបតីពីគោលបំណងពង្រីក ឱកាសវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ព្រមទាំងបានបង្ហាញនូវភាពជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋន្ត្រី កម្ពុជានឹងបន្តការអភិវឌ្ឍប្រកបដោយភាពជឿជាក់ ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខសន្តិភាពពេញលេញ ។

ក្រុមហ៊ុន Goldman Sachs Group, Inc. គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ដោយផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនដ៏ច្រើន និងចម្រុះ ដែលរួមមានសាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល៕




