សញ្ញាវិជ្ជមាន: ប្រទេសចិនសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥,២ភាគរយនៅឆ្នាំ២០២៣ ដូចគោលដៅគ្រោងទុក

0

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យ​ ពីការិយាល័យ​ស្ថិតិ​ជាតិ​របស់ប្រទេសចិន(NBS)បាន​បង្ហាញថា សេដ្ឋកិច្ចចិនសម្រេចបានកំណើនក្នុងរង្វង់៥,២ភាគរយ នៅក្នុងឆ្នាំ២០២៣  ដែលកំណើននេះ គឺស្របតាមគោលដៅរបស់រដ្ឋាភិបាលចិន ដែលបានកំណត់ក្នុងរង្វង់ប្រមា​ណ៥%។

យោងតាមក្រុមអ្នកវិភាគ ដែលត្រូវបានស្ទង់មតិដោយកាសែត Reuters បានព្យាករណ៍ថា សេដ្ឋកិច្ចចិននៅត្រីមាសទី៤ នឹងកើនឡើង៥,៣ភាគរយ ធៀបនឹងឆ្នាំ២០២២ ខណៈសេដ្ឋកិច្ចចិននៅត្រីមាសទី៣បានកើនឡើង៤,៩%។

ប៉ុន្តែទិន្នន័យផ្លូវការ បានបង្ហាញឱ្យដឹងនៅថ្ងៃពុធនេះថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើង៥,២ភាគរយ នៅក្នុងត្រីមាសទី៤ បើធៀបនឹងឆ្នាំ២០២២ ពោលគឺខុសពីការរំពឹងទុករបស់អ្នកវិភាគតែបន្តិចប៉ុណ្ណោះ ប៉ុន្តែអត្រាកំណើននេះ នៅតែជំរុញឱ្យទីក្រុងប៉េកាំងអាចសម្រេចបានគោលដៅ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៣របស់ខ្លួនដដែល។

បើផ្អែកលើមូលដ្ឋានប្រចាំត្រីមាសវិញ សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើង១,០ភាគរយ នៅក្នុងត្រីមាសទី៤  បើធៀបនឹងកំណើនសេដ្ឋកិច្ច១,៥ភាគរយ នៅត្រីមាសទី៣ ស្របតាមការរំពឹងទុករបស់អ្នកវិភាគ។

សេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងពិបាកស្ទុះងើបឡើងវិញពេញលេញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩កាលពីឆ្នាំមុន និងរងគ្រោះដោយសារវិបត្តិអចលនទ្រព្យ ការថយចុះនៃទំនុកចិត្តអ្នកប្រើប្រាស់ និងអាជីវកម្ម ការកើនឡើងនៃបំណុលរបស់រដ្ឋបាលក្នុងតំបន់ និងការថយចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក។

ប្រទេសនេះត្រូវបានហ៊ុមព័ទ្ធ ដោយបញ្ហាសេដ្ឋកិច្ចជាបន្តបន្ទាប់ រួមទាំងវិបត្តិអចលនទ្រព្យ ភាពអត់ការងារធ្វើរបស់យុវជន បញ្ហាបរិត្តផរណា និងកំណើនប្រជាជន ដែលមានវ័យចំណាស់យ៉ាងឆាប់រហ័ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here