ដោយៈ ស៊ីវ ម៉េង
សៀមរាបៈ រាជរដ្ឋាភិបាលកម្ពុជា ទើបបានសម្រេចបង្កើតក្រុងថ្មីមួយទៀតនៅក្នុងខេត្តសៀមរាប ដែលមានទីតាំងនៅជិតនឹងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ គឺក្រុងរុនតាឯកតេជោសែន។
ការបង្កើតក្រុងថ្មីមួយនេះ នឹងជួយជំរុញសក្ដានុពលតំបន់នៅជុំវិញទីតាំងគម្រោងក៏ដូចជា តំបន់នៅជិតព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ឱ្យកាន់តែមានភាពទាក់ទាញ ការវិនិយោគបន្ថែមទៀត។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា ក្រុងរុនតាឯកតេជោសែន ត្រូវបានបង្កើតឡើង ដោយកាត់យកឃុំមួយពីស្រុកបន្ទាយស្រី គឺឃុំរុនតាឯក និងឃុំមួយទៀតពីស្រុកប្រាសាទបាគង គឺឃុំបល្ល័ង្ក ។ ក្រុងនេះមានសង្កាតចំនួនពីរ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក។ ដោយឡែក តំបន់នៅជុំវិញព្រលានយន្តហោះ អន្តរជាតិសៀមរាប-អង្គរ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងជំរុញឱ្យមានការអភិវឌ្ឍបន្ថែម ជាពិសេសអភិឌ្ឍន៍ទៅលើឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម និងកសិកម្ម ដើម្បីបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់ថ្មីដែលរដ្ឋទើបតែបង្កើត ។
លោក កែវ សុធារ៉ាប្រធានក្រុមហ៊ុន KW Cambodia ប្រចាំខេត្តសៀមរាបបានលើកឡើងថា តំបន់ជុំវិញតំបន់ព្រលានយន្តហោះ នឹងកាន់តែមានសកម្មភាព កាន់តែមមាញឹកនៅពេលឆាប់ៗនេះ។ ជាក់ស្ដែងក្រោយពេលព្រលានយន្តហោះ បានចាប់ផ្ដើមដាក់ដំណើរការ ក៏ឃើញមានឈ្មួញជាច្រើន បានស្វែងរកទិញដី ដើម្បីត្រៀមអភិវឌ្ឍន៍។លោកបន្តថា “ គាប់ជួននឹងរាជរដ្ឋាភិបាល បានប្រកាសពីការអភិវឌ្ឍលើតំបន់ជុំវិញនេះទៀត ដូច្នេះតំបន់នេះនឹងក្លាយជាតំបន់មួយសំខាន់តភ្ជាប់ពីក្រុងសៀមរាប ទៅតំបន់ព្រលានយន្តហោះ”។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានថ្លែងក្នុងពិធីជួបជុំ ជាមួយប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក និងពាក់ស្នែង កាលពីពេលថ្មីនេះថា រាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នឹងជំរុញឱ្យមានការអភិវឌ្ឍ នៅក្នុងតំបន់នេះឱ្យក្លាយជាទីក្រុងមួយ ដែលទាក់ទាញ ជាពិសេសមានការអភិវឌ្ឍលើវិស័យឧស្សាហកម្ម សេវាកម្ម បង្កើតការងារជូនប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរទៅរកការងារនៅទីក្រុង ឬតំបន់ផ្សេងនោះទេ ។ សម្តេចធិបតី ក៏បានជំរុញឱ្យមានការអភិវឌ្ឍន៍ ជាបុរីជនបទគំរូមួយ នៅក្នុងតំបន់រុនតាឯក និងពាក់ស្នែង និងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីរុនតាឯក និងពាក់ស្នែងទៅកាន់ក្រុងសៀមរាប ហើយក៏បានរៀបចំសេវាកម្មដឹកជញ្ជូន ប្រជាពលរដ្ឋពីតំបន់រុនតាឯក និងពាក់ស្នែង ទៅក្រុងសៀមរាប ខេត្តសៀមរាបថែមទៀត។
ជាមួយគ្នានេះ ក្រុមហ៊ុន YUNAN Development Group ដែលបានវិនិយោគសាងសង់ ព្រលានយន្តហោះសៀមរាប អង្គរក៏បានត្រៀមដីទំហំ១០០០ហិកតា ដើម្បីកសាងទីក្រុងរណបជាប់ព្រលានយន្តហោះនេះនាពេលអនាគតផងដែរ។អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា ធ្លាប់បានបង្ហើបឲ្យដឹងថា គំរោងកសាងទីក្រុងរណប Airport City នេះ នឹងរៀបចំឡើងនាពេលអនាគត ព្រោះធម្មតាការវិនិយោគព្រលានយន្តហោះ មិនងាយបានផលចំណេញលឿនទេ ហេតុនេះក្រុមហ៊ុនត្រូវសាងសង់ទីក្រុងអមព្រលានយន្តហោះនេះ ដើម្បីផ្តល់ហេដ្ឋារចនាសម្ព័ន្ឋ និងសេវាកម្មចាំបាច់ដល់អ្នកដំណើរ រូមមាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប កន្លែងសម្រាកលំហែរកាយជាដើម៕