ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងការពង្រីកក្រុងនាពេលកន្លងមក បាននិងកំពុងទាក់ទាញអ្នកអភិវឌ្ឍន៍បុរីកាន់តែច្រើន ទៅកាន់តំបន់ភាគខាងជើងរាជធានីភ្នំពេញ។
វត្តមានផ្សារទំនើបAEON Mall2, Makro, Global House, បុរីវិមានសំណាង បុរីជាច្រើនតាមមណ្តោយមហាវិថីឈ្នះ ឈ្នះ គំរោងផ្សារដើមគរថ្មី ជាដើមបាននិងកំពុងទាក់ទាញអ្នកមាន ជីវភាពមធ្យម និងអ្នកមានជីវភាពធូរធារទៅកាន់តំបន់នោះ។
លើសពីនេះការវិនិយោគសួនសត្វ ធំជាងគេនៅទីក្រុងមរកតតេជោ Safari World សួនទឹករបស់អ្នកឧកញ៉ាលី យ៉ុងផាត់ ដែលធំជាងគេលំដាប់ទី២នៅអាស៊ាន បាននិងកំពុងសមាហរណកម្មតំបន់នេះ ក្លាយជាតំបន់CBDនាពេលអនាគតកាន់តែរសរវើក។លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងថា និន្នាការនៃការអភិវឌ្ឍបានរីកទៅកាន់គ្រប់ទិស នៃភាគទាំង៤នៃរាជធានី ជាមួយសក្តានុពលខុសៗគ្នា ប៉ុន្តែតំបន់ភាគខាងជើង កាន់តែមានភាពទាក់ទាញអ្នកមានទ្រព្យច្រើន មករស់នៅតំបន់នេះ ដោយសារការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ខុនដូ និងហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់កាន់តែប្រសើរឡើង។
លោកបន្តថា “ខ្ញុំជឿជាក់តំបន់នេះ នឹងកាន់តែរសរវើកនិងទាក់ទាញកាន់តែខ្លាំងនាពេលអនាគត ខណៈការវិនិយោគបុរីកាន់តែច្រើនឆ្ពោះមកកាន់តំបន់នេះ”។
បច្ចុប្បន្នក្រសួង ស្ថាប័នរដ្ឋាភិបាលជាច្រើន រួមទាំងមន្ទីរពេទ្យតេជោ ក៏បាននិងកំពុងបង្ហាញវត្តមាននៅតំបន់នេះ និងមហាវិថីឈ្នះ ឈ្នះផងដែរ។លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍបែបថ្មី ផ្តោតលើបរិស្ថាន គុណភាពសំណង់ បុរីវិមានសំណាង បានសាងសង់លើផ្ទៃដី២៥ហិកតា ប៉ុន្តែយើងសាងសង់ផ្ទះវីឡាតែជាង៤០០ប៉ុណ្ណោះ ដើម្បីលក់ជូនអតិថិជន ដែលត្រូវការលំនៅដ្ឋានមានភាពជាឯកជនភាព និងការរស់នៅជាមួយបរិស្ថានស្របតាមរសនិយមសម័យថ្មី។
ការតភ្ជាប់ស្ពានពីកោះដាច់ មកកាន់ចំណុចប្រសព្វមហាវិថីឈ្នះ ឈ្នះ ដែលស្ថិតក្រោមគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ភាគខាងកើត បាននិងកំពុងបញ្ចប់ការសិក្សា ដែលហេដ្ឋារចនាសម្ព័ន្ឋដ៏សំខាន់នេះ នឹងដើរតួនាទីកាន់តែសំខាន់ ក្នុងការអភិវឌ្ឈនៅភាគខាងកើត និងខាងជើងរាជធានីភ្នំពេញ។
លោកវ៉ាស៊ីម សូរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹង កាលពីពេលកន្លងមកថា ដើម្បីជម្រុញសេដ្ឋកិច្ច ឲ្យកាន់តែមានភាពរីកចម្រើន រដ្ឋាភិបាលត្រូវវិនិយោគគំរោងហេដ្ឋារចនាសម្ព័ន្ឋ ឲ្យកាន់តែច្រើនថែមទៀត ដើម្បីធ្វើសមាហរណកម្មក្នុងប្រទេសផង ដើម្បីលើកកំពស់សេដ្ឋកិច្ច សង្គម និងលើកកំពស់ជីវភាពប្រជាពលរដ្ឋផងដែរ៕