ដោយ យិន លាងគង់ អគ្គនាយកគេហទំព័រ Propertyarea.asia
ភ្នំពេញ៖ ជំនួបលើកទី២របស់លោកដូណាល់ ត្រាំ និងគីម ជុងអ៊ុននៅទីក្រុងហាណូយ ប្រទេសវៀតណាម នឹងមិនផ្លាស់ប្តូរព៌ណទង់ជាតិកូរ៉េខាងជើងឡើយ តែព្រះអាទិត្យថ្មីរបស់កូរ៉េខាងជើងទំនងជាមានរស្មីចែងចាំងជាងមុន។ ជាប្រវត្តិសាស្រ្ត និងគោលដៅរួមមួយនៃមេដឹកនាំទាំងពីរ គឺប្រធានាធិបតីដូណាល់ ជេ ត្រាំនៃសហរដ្ឋអាមេរិក និងប្រធានាធិបីវ័យក្មេង ដែលសុខចិត្តជិះរថភ្លើងរហូតដល់ ៤៨ម៉ោងមកកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម គឺឈរលើមូលដ្ឋានផលប្រយោជន៍ ផលប្រយោជន៍ និងផលប្រយោជន៍។
ហេតុអីអាមេរិករើសយកប្រទេសវៀតណាម?
វាមិនមែនជារឿងចៃដន្យនោះទេ ដែលសហរដ្ឋអាមេរិកជ្រើសរើសយកប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៧ដល់២៨កុម្ភៈខាងមុខនេះ។ ហេតុអីកូរ៉េខាងត្បូង និងប្រទេសជប៉ុន ដែលជាសម្ព័ន្ឋមិត្តចាក់ទឹកមិនលិចរបស់អាមេរិក មិនត្រូវជ្រើសរើសធ្វើជាម្ចាស់ផ្ទះ? តែបែរជាជ្រើសរើសវៀតណាមជាកន្លែងរៀបចំជំនួបកំពូលទៅវិញ?
ពិតជាមានហេតុផល និងផលចំណេញជាច្រើនដែលអាមេរិករើសវៀតណាម ដោយសារ ទី១ អាមេរិកជាសម្ព័ន្ឋមិត្តថ្មីរបស់វៀតណាម ដែលអាមេរិកប្រើប្រាស់វៀតណាម និងផ្តល់ផលប្រយោជន៍ដល់វៀតណាម ដើម្បីទប់ឥទ្ឋិពលចិននៅក្នុងតំបន់ ទី២ អាមេរិកចង់ផ្តល់ឲ្យវៀតណាម នូវខ្នងបង្អែកកាន់តែរ៉ឹងមាំ តាមរយៈការជំរុញការវិនិយោគមកកាន់វៀតណាម ព្រោះបើវៀតណាមក្រីក្រមិនអាចទប់ឥទ្ឋិពលចិនឡើយ។
ទី៣ ភូមិសាស្រ្តនយោបាយ ដែលជាហេតុផលអាមេរិកជ្រើសរើសវៀតណាម ព្រោះតែការកើនឡើងនូវឥទ្ឋិពលចិនលឿនពេក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទី៤ ជាការកំញើញចិនមួយថា តំបន់អាស៊ីប៉ាស៊ីហ្វិក មិនអាចឲ្យចិនកកូរកកាយបានតាមចិត្តនោះឡើយ។
ហេតុនេះកិច្ចប្រជុំកំពូងរវាងមេដឹកនាំទាំងពីរ វៀតណាមមិនត្រឹមតែជាម្ចាស់ផ្ទះទេ តែវៀតណាមក៏នឹងទទួលបានផលប្រយោជន៍រាប់ពាន់លានដុល្លារ សម្រាប់តម្លៃសេដ្ឋកិច្ចរបស់ខ្លួន ហើយវៀតណាមនឹងទាក់ទាញ ការវិនិយោគពីអាមេរិកកាន់តែច្រើនថែមទៀត ខណៈធនាគារពិភពលោកបានព្យាករណ៍ថា នៅឆ្នាំ២០៣០ប្រទេសវៀតណាម នឹងមានសេដ្ឋកិច្ចធំមួយ នឹងក្លាយជាសមាជិកនៃប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់ធំជាងគេទាំង២០នៅលើពិភពលោក។ តើកូរ៉េខាងជើងនឹងប្រែប្រួលដូចម្តេចក្រោយជំនួបលើកទី២កូរ៉េខាងជើងបាននិងកំពុងទទួលផលប្រយោជន៍ ពីការបន្ឋូរបន្ថយភាពតានតឹងខាងនយោបាយរវាងសត្រូវទាំងពីរ តាមរយៈអ្វីដែលអាមេរិកប្រើប្រាស់កូរ៉េខាងត្បូងជាសម្ព័ន្ឋមិត្តរបស់ខ្លួន ដើម្បីផ្តល់ផលប្រយោជន៍ (ការវិនិយោគ) ដល់កូរ៉េខាងជើង ក្នុងន័យមនុស្សធ៌មផង ក្នុងន័យសេដ្ឋកិច្ចផង និងក្នុងន័យកាត់បន្ថយអារិភាពនៃបងប្អូនទាំងពីរកាលពីអតីតកាលផង។ ហេតុនេះជំនួបលើកទី២ នាចុងសប្តាហ៍នេះ វាមិនមានអ្វីលើសពីភូមិសាស្រ្តនយោបាយ និងផលប្រយោជន៍ឡើយ។
ចំណែកការរំលាយចោលអាវុធឬកម្មវិធីនុយក្លេអ៊ែរទាំងស្រុងចេញពីកូរ៉េខាងជើង ពិតជាកើតមានឬ? អាស្រ័យលើការវិភាគរបស់លោកអ្នក ប៉ុន្តែស្មេរយល់ឃើញថា វានឹងមិនអាចកើតមានឡើយ ព្រោះហេតុផលជាច្រើន ដែលយើងបានបង្ហាញតាមរយៈអត្ថបទវិភាគមុនៗ។ ជំនួបរវាងដូណាល់ ត្រាំ និងគីម ជុងអ៊ុន ក្នុងគោលជំហរអាមេរិក គឺដើម្បីចង់បញ្ជាក់ថា កូរ៉េខាងជើង មិនមែនជាកូនអុកផ្តាច់មុខរបស់ចិនតែមួយទៀតនោះទេ។ អាមេរិកក៏អាចលេងហ្គេមនៅលើឧបទ្វីបកូរ៉េផងដែរ ហើយអាមេរិកមានសម្ព័ន្ឋមិត្តជុំវិញចិន ទាំងកូរ៉េខាងត្បូង ជប៉ុន វៀតណាម ថៃ ដែលសុទ្ឋតែជាប្រទេសមានការរីកចម្រើន និងមានឥទ្ឋិពលក្នុងតំបន់ និងពិភពលោក។
តើចិនគិតដូចម្តេច?
ទោះបីសង្រ្គាមពាណិជ្ជកម្មចិន និងអាមេរិកបាននិងកំពុងបន្ឋូរបន្ឋយភាពតានតឹងក្តី តែពិភពលោកបាននិងកំពុងមើលឃើញចិន ពិតជាទន់ដៃក្នុងសង្រ្គាមពាណិជ្ជកម្មនេះ ហើយបានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចថ្មី (សម្បទាន) ដល់អាមេរិកតាមរយៈការបញ្ចេញទឹកប្រាក់ដ៏មហាសាល ដើម្បីទិញផលិតផលកសិកម្មរបស់អាមេរិក ក្នុងតម្លៃរហូតដល់ ៣០ពាន់លានដុល្លារក្នុងមួយឆ្នាំពីអាមេរិក។
ប៉ុន្តែចិននឹងមិនអាចឈរធ្វើជាបាវសាក់សំរាប់អាមេរិក នៅឧបទ្វីបកូរ៉េឡើយដោយសារទី១ សេដ្ឋកិច្ចកូរ៉េខាងជើងនៅតែក្តោបក្តាប់ដោយចិន ទី២ កូរ៉េខាងជើងប្រកាន់យកមនោគមវិជ្ជានយោបាយដូចគ្នាជាមួយវៀតណាម ទី៣ កូរ៉េខាងជើងនឹងមិនរំសាយ ឬរំលាយចោលកម្មវិធីឬអាវុធប៉ារមាណូឡើយ។
នេះជាហ្គេមមួយដែលចិននិងកូរ៉េខាងជើងកំពុងលេងជាមួយអាមេរិករួមគ្នា ព្រោះមេដឹកនាំកូរ៉េខាងជើងវ័យក្មេង មិនអាចរំលាយអាវុធនុយក្លេអ៊ែរ ដើម្បីផលប្រយោជន៍តែមួយមុខនោះទេ ព្រោះរាប់តាំងពីជីតា ឪពុករបស់ខ្លួនបានកសាងវាឡើងរាប់រយឆ្នាំ ហើយវាជាមូលដ្ឋាននៃអំណាច និងឥទ្ឋិពលកូរ៉េខាងជើង ទី៤ បើរំលាយចោលអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងនឹងចុះខ្សោយ ហើយគ្មានទឹកមាត់និយាយជាមួយអាមេរិក និងមិនអាចរកផលប្រយោជន៍ពីអាមេរិក និងបណ្តាប្រទេសដទៃទៀតនោះទេ។
ហេតុនេះទោះជាជំនួបប៉ុន្មានលើកទៀតក្តី ក៏អ្វីដែលជាជំហររបស់កូរ៉េខាងជើង និងសន្តានចិត្តរបស់កូរ៉េខាងជើង និងអាមេរិក ចិនពិតជាដឹងច្បាស់លាស់រួចទៅហើយ តែចិន ស្ងប់ស្ងាត់ពិតជាល្អ ជាងចិនកញ្រ្ជោលឬនិយាយច្រើនពីជំនួបនេះ។
ផលប្រយោជន៍និងភូមិសាស្រ្តនយោបាយ
ពិតហើយក្នុងទំនាក់ទំនងអន្តរជាតិនាពេលបច្ចុប្បន្ន គេនិយាយពីផលប្រយោជន៍ មិននិយាយពីមនោគមវិជ្ជាទៀតទេ។ ជាក់ស្តែងទោះជាទាហ៊ានអាមេរិកប្រមាណ៥ម៉ឺននាក់ និងទាហ៊ានវៀតណាមប្រមាណ២៥ម៉ឺនបានស្លាប់ក្នុងសង្រ្គាម ដែលបានចាប់ផ្តើមពីឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៧៥ក្តី ក៏ទំនាក់ទំនងអាមេរិក និងវៀតណាមនាពេលបច្ចុប្បន្នដូចគូស្នេហ៍ថ្មោងថ្មី ដែលមានតែភាពផ្អែមល្អែម និងផលប្រយោជន៍ប៉ុណ្ណោះ។
ហេតុនេះជំនួបលើកទី២រវាងគីម និងដូណាល់ ត្រាំ គ្មានអ្វីនៅពីក្រោយរវាងផលប្រយោជន៍ និងភូមិសាស្រ្តនយោបាយ។ វាជាវេទិកាមួយដើម្បីអាមេរិកអាចយកប្រៀបលើប្រទេសចិន ហើយកូរ៉េខាងជើងទាញយកផលប្រយោជន៍ តាមដែលអាចធ្វើទៅបានពីសម្ព័ន្ឋមិត្តអាមេរិកបានច្រើនប៉ុណ្ណាប៉ុណ្ណោះ អាស្រ័យលើជំហររបស់កូរ៉េខាងជើង។
ដូច្នេះបន្ទាប់ពីជំនួបរយៈពេលពីរថ្ងៃនេះ ដៃរបស់មេដឹកនាំទាំងពីរនឹងចាប់រលាក់ដៃគ្នា តែជើងរបស់ពួកគេនឹងធាក់គ្នាទៅវិញទៅមក។ ធាក់គ្នាក៏ព្រោះទំនាស់រវាងផលប្រយោជន៍ ឥទ្ឋិពល មនោគមវិជ្ជា និងភូមិសាស្រ្តនយោបាយ៕