ដោយៈ គង់ លាងហួរ
អន្តរជាតិ: ដោយសារតែគំនិតច្នៃប្រឌិតរបស់មនុស្ស ចេះតែដើរទៅមុខឥតឈប់ឈរ ទើបគេសង្កេតឃើញមាន សំណង់ស្ថាបត្យកម្មជាច្រើនបាន និងកំពុងលេចឡើង ជាមួយនឹងរចនាបថខុសប្លែកៗពីគ្នា។
ជាក់ស្តែង ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញ Zaha Hadid Architects ដែលមានមូលដ្ឋាន នៅទីក្រុងឡុងដិ៍ ប្រទេសអង់គ្លេស បាននិងកំពុងឌីហ្សាញ អគារម៉ូដប្លែកៗជាច្រើននៅលើពិភពលោក។
សារពត៌មាន Deezen បានធ្វើការដកស្រង់ចុះផ្សាយ អំពីអគារដ៏ប្រណីតចំនួន៣ ដែលរចនាឡើងដោយក្រុមហ៊ុន Zaha Hadid Architects ដូចមានបង្ហាញនៅខាងក្រោមនេះ។
ទី១ អគារ Bora Residential Tower
អគារនេះមានប៉មចំនួន៦។ បច្ចុប្បន្ន អគារ Bora Residential Tower កំពុងត្រូវបានស្ថាបនាឡើង ខណៈកាលបរិច្ឆេទបញ្ចប់ការសាងសង់ មិនទាន់ត្រូវបានបញ្ជាក់ឱ្យដឹងនៅឡើយ។អគារនេះត្រូវបានចាប់ផ្តើម សាងសង់ឡើងកាលពីឆ្នាំ២០១៧ ដោយមានទីតាំង នៅក្នុងសង្កាត់ពាណិជ្ជកម្ម Santa Fe ក្នុងទីក្រុង Mexico City សហរដ្ឋអាមេរិក។នៅពេលបញ្ចប់ការសាងសង់ អគារនេះនឹងមានកម្ពស់ជាង៥០ជាន់ ដែលធ្វើឱ្យវាក្លាយជា “ប៉មលំនៅដ្ឋានខ្ពស់ជាងគេបំផុត” នៅក្នុងទីក្រុងម៉ិកស៊ិកូ។ នេះបើយោងតាមក្រុមហ៊ុន ស្ថាបត្យកម្មដ៏ល្បីឈ្មោះខាងលើ។
ទី២: អគារ Daxia Tower
អគារនេះ គ្រោងនឹងសាងសង់នៅសង្កាត់ពាណិជ្ជកម្ម Xi’an របស់ប្រទេសចិន។ អគារ Daxia Tower នឹងលូតឡើងដល់កម្ពស់២១០ម៉ែត្រ នៅពេលដែលការសាងសង់បញ្ចប់រួចរាល់ជាស្ថាពរ។អគារប្រើប្រាស់ចម្រុះ Daxia Tower ត្រូវបានកំណត់ទីតាំងសាងសង់នៅលើផ្ទៃដីទំហំ១៦.៧០០ម៉ែត្រការ៉េ ហើយអគារនេះ នឹងរួមមាន ការិយាល័យ និងកន្លែងលក់រាយ ដែលមានផ្ទៃក្រឡាសរុប១២៧.២២០ម៉ែត្រការ៉េ។
ទី៣: អគារ The Mayfair
The Mayfair គឺជាអគារលំនៅដ្ឋាន ដែលមានប្រវែង៦១ម៉ែត្រ និងកំពស់ចំនួន១៩ជាន់ ដែលត្រូវបានសាងសង់ឡើង កាលពីឆ្នាំ២០១៧។អគារ The Mayfair មានទីតាំងស្ថិតនៅលើផ្លូវ St Kilda ក្នុងទីក្រុង Melbourne របស់ប្រទេសអូស្ត្រាលី ខណៈដែលកាលបរិច្ឆេទបញ្ចប់ការសាងសង់ មិនទាន់ត្រូវបានបញ្ជាក់ឱ្យដឹងនៅឡើយទេ។
អគារនេះនឹងមានលំនៅដ្ឋានចំនួន១៥៨ ព្រមទាំងមានដំបូលរួម ដែលមានអាងហែលទឹកចំនួន២ ដែលអ្នករស់នៅអាចគយគន់មើលទេសភាពបឹងនៅក្បែរនោះបាន។ ចំណែកឯនៅតាមដងផ្លូវ ក៏នឹងមានហាងកាហ្វេ និងភោជនីយដ្ឋានផងដែរ៕