ទីក្រុងហ្លួងព្រះបាងប្រទេសឡាវ ប្រឈមមុខនឹងហានិភ័យនៃការលុបចេញពីបញ្ជីបេតិកភណ្ឌពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អង្គការយូណេស្កូ(UNESCO) បានចេញផ្សាយរបា យការណ៍ថ្មីមួយ ដោយបានគូសបញ្ជាក់អំពី ការព្រួយបារម្ភរបស់ខ្លួនចំពោះទីក្រុងហ្លួងព្រះបាង(Luang Prabang) របស់ប្រទេសឡាវ ដែលអាចត្រូវបានដកចេញ ពីបញ្ជីបេតិកភណ្ឌពិភពលោក ប្រសិនបើគ្មានចំណាត់ការដោះស្រាយទេនោះ។

កាលពីពេលកន្លងទៅ គេសង្កេតឃើញថា ទីក្រុងDresden របស់ប្រទេសអាល្លឺម៉ង់ និងទីក្រុង Liverpool របស់ប្រទេសអង់គ្លេស ក៏ធ្លាប់ត្រូវបានដកចេញ ពីបញ្ជីបេតិកភណ្ឌ របស់អង្គការយូណេស្កូផងដែរ។

របាយការណ៍ខាងលើក៏បានគូសរំលេច អំពីគម្រោងស្ថាបនាទំនប់វារីអគ្គិសនី​ប្រវែង២៥គីឡូម៉ែត្រ ដែលជាការអភិវឌ្ឍន៍រួមគ្នា រវាងប្រទេសឡាវ និងប្រទេសថៃ និងអាចក្លាយជាទំនប់វារីអគ្គិសនីទី២ ដែលស្ថិតនៅក្នុងទីក្រុងហ្លួងព្រះបាង។លោក Minja Yang អតីតនាយករងនៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានអំពាវនាវឱ្យមានការសិក្សាយ៉ាងច្បាស់លាស់ អំពីផលប៉ះពាល់មកលើទីតាំងបេតិកភណ្ឌ ដែលមានតម្លៃជាសកល។

លោកបានបន្តថា “ប្រសិនបើទំនប់វារីអគ្គិសនី ពិតជាត្រូវបានសាងសង់ឡើងមែននោះ ខ្ញុំជឿជាក់ថា ទីក្រុងហ្លួងព្រះបាង អាចនឹងត្រូវបានដកចេញ ពីបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូជាក់ជាមិនខាន”។

ទាក់ទិនទៅនឹងរឿងនេះដែរ ក្រុមមន្រ្តីរដ្ឋបាលក្នុងតំបន់ បានលើកឡើងពីការព្រួយបារម្ភ ដែលទីក្រុងហ្លួងព្រះបាង អាចត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។

ក្រុមមន្រ្តីទាំងនោះបានអះអាងថា អង្គការយូណេស្កូ បានដាក់ចេញវិធានឱ្យយើងគោរព ប៉ុន្តែមនុស្សមួយចំនួន នៅក្នុងទីក្រុងហ្លួង ព្រះបាង បានប្រព្រឹត្តផ្ទុយពីវិធាននោះ។

ហ្លួងព្រះបាង គឺជាទីក្រុងដ៏ចំណាស់មួយ ដែលត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩៥។ គិតត្រឹមរយៈពេល៩ខែដំបូង ដើមឆ្នាំ២០២៣ ទីក្រុងហ្លួងព្រះបាងបានទាក់ទាញភ្ញៀវទេសចរចំនួន៨០០.០០០នាក់។

ស្របពេលចំនួនភ្ញៀវទេសចរ ដែលចូលទៅកាន់ទីក្រុងហ្លួង ព្រះបាង មានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា តម្លៃអចលនទ្រព្យនៅទីនោះ បានហក់ឡើងយ៉ាងគំហុក ដែលនាំឱ្យអ្នករស់នៅក្នុងទីក្រុងនេះ សម្រេចចិត្តលក់ផ្ទះ ឬជួលទៅឱ្យជនបរទេស។

ទាក់ទិននឹងបញ្ហានេះ អង្គការយូណេស្កូ ក៏បានធ្វើការអំពាវនាវ ឱ្យមានការកែប្រែមួយចំនួន ពាក់ព័ន្ធទៅនឹងអចលនទ្រព្យ នៅក្នុងទីក្រុងហ្លួងព្រះបាងផងដែរ ខណៈរាល់គម្រោងអភិវឌ្ឍន៍ថ្មីៗ ត្រូវទទួលបានការអនុម័តជាមុនសិន ពីការិយាល័យបេតិកភណ្ឌពិភពលោកក្នុងតំបន់៕ប្រភព៖Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here