ដោយៈ គង់ ហ្វីអូណា
ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់ បាន ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារពាណិជ្ជកម្ម និងវិនិយោគជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ីហាយ ដែលដឹកនាំដោយ លោកស្រី Tan Xiuhong សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការក្រុងប៉ីហាយ និងជាអភិបាលរងនៃគណៈអភិបាលក្រុងប៉ីហាយ នៅតំបន់ស្វយ័តជនជាតិក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។
គោលបំណងនៃការអញ្ជើញរបស់គណៈប្រតិភូ សេដ្ឋកិច្ចនិងពាណិជ្ជកម្មប៉ីហាយ មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពសេដ្ឋកិច្ច និងជាពិសេសសក្តានុពលវិនិយោគរបស់ខេត្ត។លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើគារវកិច្ចស្វាគមន៍ ប្រកបដោយក្តីសោមនស្សរីករាយ ទទួលគណៈប្រតិភូដែលបានអញ្ជើញមក និងបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់ប្រកបដោយសុខុដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ហើយក្នុងនោះមានជនជាតិចិនដែលលេចធ្លោជាងគេ។
លោកអភិបាលរងខេត្ត បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការអភិវឌ្ឍផ្លូវដែក និងជាពិសេសផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោកបានបញ្ជាក់ថា ខេត្តព្រះសីហនុបាន និងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើនប្រភព ចំណូលផ្សេងៗបន្ថែមទៀត ក្រៅពីការពឹងផ្អែក ទៅលើវិស័យទេសចរណ៍តែមួយមុខ។ ខេត្តព្រះសីហនុ នឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ ពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។ឆ្លៀតក្នុងឱកាសនោះលោកអភិបាលរងខេត្ត បានរំលឹកពីក្របខ័ណ្ឌអនុគ្រោះពន្ធ និងសន្ធិសញ្ញាពាណិជ្ជកម្មផ្សេងៗ ដែលកម្ពុជាជាសមាជិក ដែលមានភាពអំណោយផលដល់វិនិយោគិននៅកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា ខេត្តព្រះសីហនុ ជាខេត្តដែលទទួលបានការយកចិត្តទុកដាក់ ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនីតិកាលទី៦ ក្រោមការដឹកនាំប្រកបដោយទស្សន វិស័យវែងឆ្ងាយ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ “វិធានការជាកញ្ចប់ដោះស្រាយ គម្រោងវិនិយោគជាប់គាំង នៅក្នុងខេត្តព្រះសីហនុ”។កាន់តែពិសេសជាងនេះ ទៅទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់ “កម្មវិធីពិសេសសម្រាប់ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។
ជាមួយគ្នានេះ គណៈប្រតិភូបានបង្ហាញអំពីការភ្ញាក់ផ្អើល និងកោតសរសើរ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់ក្រុងព្រះសីហនុ បើធៀបនឹងរយៈពេល១០ឬ២០ឆ្នាំមុន។
លោកស្រី Tan Xiuhong បានរំលឹកអំពីស្ថានភាពនៃទីក្រុងកំពង់ផែប៉ីហាយ ដែលមានគំរូអភិវឌ្ឍសេដ្ឋកិច្ច ស្រដៀងគ្នានឹងខេត្តព្រះសីហនុ ហើយសព្វថ្ងៃទីក្រុងប៉ីហាយ កំពុងទទួលបានផលយ៉ាងច្រើនពីការអភិវឌ្ឍនេះ។ បច្ចុប្បន្ន ទីក្រុងប៉ីហាយ មានទេសចរប្រមាណ៥១លាននាក់។ ដូច្នេះលោកស្រីមានបំណងបង្កើនកិច្ចសហការនៅក្នុងវិស័យទេសចរណ៍។
គណៈប្រតិភូខាងលើមានបំណង រៀបចំវេទិកាដោះដូរពាណិជ្ជកម្ម ទំនិញគ្រប់មុខនៅអាស៊ី ពង្រីកទីផ្សារអន្តរជាតិ តាមរយៈការបង្កើតវេទិកាខាងលើ។ ការបង្កើនការនាំចូលវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច ទៅបម្រើក្នុងខ្សែសង្វាក់ផលិតកម្ម និងផលិតផលសម្រេចទៅចិន ដោយសហការជាមួយតំបន់ សេដ្ឋកិច្ចពិសេស ដែលមានស្រាប់ នៅក្នុងខេត្ត៕