ដោយ: គង់ លាងហួរ
ប៉េកាំង: លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងកាលពីថ្ងៃពុធ ទី១៧ ខែមករា ថា កំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៣ គឺជាដំណឹងល្អសម្រាប់ប្រទេសចិន និងពិភពលោក។
លោកស្រី Kristalina Georgieva បានថ្លែងប្រាប់សារពត៌មាន Xinhua នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ថា “សេដ្ឋកិច្ចចិនសម្រេចបានកំំណើនស្របតាមគោលដៅ ដែលបានកំណត់ក្នុងរង្វង់ប្រហែល៥ភាគរយ ហើយលើសពីគោលដៅទៅទៀត”។
លោកស្រីបន្តថា “នោះគឺជាដំណឹងដ៏ល្អសម្រាប់ប្រទេសចិនហើយក៏ជាដំណឹងល្អសម្រាប់តំបន់អាស៊ី និង ពិភពលោក ផង ដែរ ព្រោះ ប្រទេស ចិន គ្របដណ្តប់ មួយ ភាគ បី នៃ កំណើនសេដ្ឋកិច្ចពិភពលោក”។
ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានប្រកាសថា កាលពីឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់ប្រទេសនេះ បានកើនឡើង៥,២ភាគរយ ដល់ទំហំទឹកប្រាក់១២៦,០៦ទ្រីលានយ័ន (ប្រហែល១៧,៧១ទ្រីលានដុល្លារ)។

លោកស្រីបានមានប្រសាសន៍ថា “យើងគឺជាដៃគូដ៏ល្អជាមួយប្រទេសចិន។ ប្រទេសចិនមានសក្តានុពលដ៏អស្ចារ្យក្នុងការបញ្ចេញផលិតភាពកាន់តែច្រើន និងបង្កើតកម្លាំងពលកម្មដែលមានផលិតភាពកាន់តែច្រើន”។




