អគារខ្ពស់កប់ពពកជាច្រើន នឹងផុសរូបរាងឡើងក្នុងគម្រោងបង្កើតទីក្រុងថ្មី Nanjing Financial City របស់ប្រទេសចិន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិ Gerkan, Marg & Partners(gmp) ដែលមានមូលដ្ឋាននៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ កំពុងរចនាអគារខ្ពស់កប់ពពកជាច្រើនសម្រាប់ទីក្រុងណានជីងនៃប្រទេសចិន។

គម្រោងអគារ ដែលក្រុមហ៊ុននេះកំពុងរចនា មានឈ្មោះថា Nanjing Financial City ដែលការសាងសង់បានចែកចេញជា៣ដំណាក់កាល។

ដំណាក់កាលទី១: Nanjing Financial City I
ក្រុមហ៊ុន gmp បានរចនាមជ្ឈមណ្ឌលសហគ្រាសហិរញ្ញវត្ថុនៅលើទីតាំងដីទំហំប្រហែល៨០.០០០ម៉ែត្រការ៉េនៅក្នុងទីក្រុងដ៏ធំនៅភាគខាងកើតប្រទេសចិនមួយនេះ។

ដំណាក់កាលទី១ រួមមានការសាងសង់អគារចំនួន១០ ដែលមានកំពស់ចាប់ពី១០០ម៉ែត្រ ទៅដល់២០០ម៉ែត្រ ហើយប្លុកអគារខ្ពស់ៗទាំង១០នេះមានទំហំផ្ទៃអគារទាំងមូលសរុបចូលគ្នាប្រមាណ៥០មុឺនម៉ែត្រការ៉េ បើគិតពីផ្ទៃដី។ដំណាក់កាលទី២: Nanjing Financial City ll
សម្រាប់គម្រោង “Nanjing Financial City” ក្នុងដំណាក់កាលទី២ ក្រុមហ៊ុនស្ថាបត្យកម្ម Gerkan, Marg និង Partners កំពុងរចនាអគារខ្ពស់ៗចំនួន៥ ដើម្បីបង្កើតទៅជាតំបន់ពាណិជ្ជកម្ម ដែលមានទំហំផ្ទៃក្រឡាសរុបចំនួន៧៩៨.០០០ម៉ែត្រការ៉េ។

គម្រោងនេះត្រូវបានរចនាឡើងជាស្ថាបត្យកម្ម ដែលរួមមានទាំងការិយាល័យ បដិសណ្ឋារកិច្ច លំនៅដ្ឋាន និងកន្លែងពាណិជ្ជកម្ម។ នៅលើទីតាំងទំហំ៦៥.០០០ម៉ែត្រការ៉េ រួមមានការិយាល័យ បូកផ្សំជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទំនើបសម្រាប់រៀបចំសន្និសីទ និងកន្លែងប្រជុំ ព្រមទាំងអាផាតមុិន និងហាងលក់ទំនិញផងដែរ។

ដំណាក់កាលទី៣: Nanjing Financial City lll 
ដំណាក់កាលនេះរួមមាន ការសាងសង់ប្លុកអគារការិយាល័យ និងអាផាតមុិននៅលើទីតាំងចំនួន២ ដែលខណ្ឌចែកពីគ្នាដោយផ្លូវមួយ។ អគារការិយាល័យ ដែលមានកម្ពស់ចាប់ពី១៣០ ទៅ២០០ម៉ែត្រ ស្ថិតក្នុងទម្រង់ស្របៗគ្នា នៅតាមបណ្តោយសរសៃឈាមចរាចរណ៍សំខាន់ៗ និងបង្កើតជាតំបន់ខាងក្នុងដ៏ស្ងប់ស្ងាត់ ដែលមិនសូវមានចរាចរណ៍ច្រើន និងមានទីធ្លាពណ៌បៃតង។លើសពីនេះទៅទៀត ខ្សែអ័ក្ស ឬទីធ្លាពណ៌បៃតងត្រូវបានតំរៀបជាជួរនៅខាងមុខអគារពាណិជ្ជកម្មខ្នាតតូច ហើយអគារទាំង២ជួរដែលនៅទល់មុខគ្នានឹងត្រូវបានតភ្ជាប់តាមរយៈស្ពានថ្មើរជើង ឬហៅថា Skywalk៕

LEAVE A REPLY

Please enter your comment!
Please enter your name here