ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសម៉ាឡេស៊ី និងថៃកំពុងពិចារណាលើការតភ្ជាប់ផ្លូវដែករវាងទីក្រុង Sungai Kolok នៃខេត្តណារ៉ាធីវ៉ាត់ (Narathiwat) និងឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសម៉ាឡេស៊ី ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម និងទេសចរណ៍។
ទីភ្នាក់ងារផ្លូវដែកនៃប្រទេសទាំង២ កំពុងធ្វើការលើសំណើសុំតភ្ជាប់ខ្សែរថភ្លើង រវាងទីក្រុង Sungai Kolok ដែលជាទីក្រុងជាប់ព្រំដែនជាមួយម៉ាឡេស៊ី ស្ថិតក្នុងខេត្ត Narathiwat និងទីក្រុង Rantau Panjang របស់ប្រទេសម៉ាឡេស៊ី។
កាលពីពេលកន្លងមក នាយករដ្ឋមន្ត្រីថៃ គឺលោក សេដ្ឋា ថាវីស៊ីន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសជិតខាងទាំង២ ឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យដឹកជញ្ជូន និងវិស័យផ្សេងៗទៀត។
ទាក់ទិននឹងសំណើនេះ ក្រុមមន្ត្រីថៃបានលើកឡើងថា ការតភ្ជាប់ខ្សែផ្លូវដែករវាងប្រទេសថៃ និងម៉ាឡេស៊ី នឹងជំរុញឲ្យមានការធ្វើពាណិជ្ជកម្ម ការឆ្លងព្រំដែន ទេសចរណ៍ និងការវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀត។
បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ី និងថៃ មានខ្សែរថភ្លើងតែមួយគត់ ដែលតភ្ជាប់រវាងគ្នា ចាប់ពីទីក្រុង Padang Besar ក្នុងស្រុក Sadao នៃខេត្ត Songkhla ទៅដល់ទីក្រុងនៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានឈ្មោះថា Padang Besar ដូចគ្នា។
ទន្ទឹមគ្នានេះ រដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងសាងសង់គម្រោងផ្លូវរថភ្លើង East Coast Rail Link ផងដែរ ដែលខ្សែរថភ្លើងថ្មីនេះ នឹងបញ្ចប់នៅត្រឹមទីក្រុង Kota Bharu ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុង Sungai Kolok របស់ប្រទេសថៃ។
គម្រោងផ្លូវរថភ្លើង East Coast Rail Link បានឆ្លងកាត់ឧបសគ្គជាច្រើន ដោយសារការផ្លាស់ប្តូររដ្ឋាភិបាល ហើយបច្ចុប្បន្ន គម្រោងខ្នាតយក្សនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាង់សង់រួចរាល់ជាស្ថាពរនៅត្រឹមឆ្នាំ២០២៧ខាងមុខ៕ប្រភព៖Bangkok Post៕