ដោយ: គង់ លាងហួរ
អន្តរជាតិ: មន្ត្រីជាន់ខ្ពស់កម្ពុជាបានបង្ហាញសុទិដ្ឋិនិយមសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសចិននៅឆ្នាំ២០២៤នេះ។
ក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះ ជាមួយសារពត៌មាន Xinhua លោកបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងថា ការកើនឡើងជាលំដាប់នៃទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេរភាគី បានផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ។
លោកបន្តថា “ឆ្នាំ២០២៤នេះ គឺជាឆ្នាំដើម្បីអនុវត្តសហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នា ក្នុងយុគសម័យថ្មី និងជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនចិន-កម្ពុជា”។ លោកបានបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា នឹងបន្តធ្វើឱ្យស៊ីជម្រៅ និងក្លាយជាកម្លាំងចលករ សម្រាប់សេដ្ឋកិច្ចចិន និងកម្ពុជា ក៏ដូចជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព”។
លោកបានលើកឡើងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ចិន-កម្ពុជា នឹងបន្តត្រូវបានស្វែងយល់ ឱ្យកាន់តែប្រសើរឡើង ហើយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ក៏នឹងសម្រេចបាននូវកំណើនខ្ពស់ជាងមុនផងដែរ។ លោកបណ្ឌិតសុក ស៊ីផាន់ណា បានមានប្រសាសន៍ឱ្យដឹងទៀតថា ការសាងសង់ “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” នឹងសម្រេចបាននូវការអភិវឌ្ឍន៍ថ្មីៗ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជា និងចិន សម្រេចបានលទ្ធផលល្អ ក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគក្នុងឆ្នាំ២០២៣ ស្របពេលមានការធ្លាក់ចុះនៃតម្រូវការសកល។ លោកបន្តថា “ទំហំពាណិជ្ជកម្មទ្វេរភាគី បានកើនឡើងកាលពីឆ្នាំមុន ខណៈការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា បានគ្របដណ្តប់៦៦ភាគរយនៃប្រភពវិនិយោគសរុបពីបរទេស”។
លោកសុក ស៊ីផាន់ណា បានមានប្រសាសន៍ឱ្យដឹងថា កម្ពុជាប្តេជ្ញារក្សាទំនាក់ទំនងការទូតកម្រិតខ្ពស់ របស់ខ្លួនជាមួយប្រទេសចិន និងគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ លោកបានបន្ថែមថា គំនិតផ្តួចផ្តើម BRI មានភាពស៊ីសង្វាក់គ្នា ជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងប្រទេសទាំង២ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា “គម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ ដូចជាផ្លូវថ្នល់ ស្ពាន អាកាសយានដ្ឋាន ទំនប់វារីអគ្គិសនី និងកំពង់ផែ ដែលសាងសង់ឡើងដោយក្រុមហ៊ុនចិន បានជំរុញការអភិវឌ្ឍន៍ និងការតភ្ជាប់ខាងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា”។
លោកបន្ថែមថា “ការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាចិន ក៏បានពង្រីកសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាផងដែរ ហើយប្រទេសចិន និងកម្ពុជា សម្រេចបានលទ្ធផលដ៏លេចធ្លោ ក្នុងការរួមគ្នាកសាងសហគមន៍ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នា”៕