ដោយ: គង់ លាងហួរ
បាងកក: ក្រសួងទេសចរណ៍ និងកីឡាថៃបានដាក់ចេញផែនការជំរុញការចំណាយ និងការស្នាក់នៅរយៈពេលយូររបស់ភ្ញៀវទេសចរ តាមរយៈផលិតផលអំណាចទន់(soft power) ព្រឹត្តិការណ៍ ពិធីបុណ្យ និងវិធានការសុវត្ថិភាព ដើម្បីទាក់ទាញចិត្តភ្ញៀវទេសចរ។
តួយ៉ាង រដ្ឋាភិបាលថៃបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានចំនួន៤០លាននាក់នៅឆ្នាំ២០២៤នេះ និងគោលដៅប្រាក់ចំណូលប្រមាណ៦៤,៦ពាន់លានដុល្លារ។
លោកស្រី Sudawan Wangsuphakijkosol រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានអះអាងថា ក្រសួងនឹងផ្តោតលើការបង្កើនចំនួនភ្ញៀវទេសចរ ការចំណាយរបស់ភ្ញៀវ និងរយៈពេលស្នាក់នៅ។យុទ្ធសាស្ត្រសំខាន់ៗ ដែលរដ្ឋាភិបាលថៃបានដាក់ចេញរួមមានដូចខាងក្រោម៖
ទី១: ក្រសួង និង អាជ្ញាធរពាក់ព័ន្ធនឹងសហការ ដើម្បីស្តារទំនុកចិត្តដល់ភ្ញៀវទេសចរបរទេស ដោយធានាថាពួកគេអាចធ្វើដំណើរក្នុងប្រទេសថៃ ដោយសុវត្ថិភាព។
ទី២: ប្រើប្រាស់វិស័យទេសចរណ៍ជាយន្តការពង្រឹងទំនាក់ទំនងរវាងបណ្តាប្រទេសសមាជិកអាស៊ាន ខណៈកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ក្នុងតំបន់នឹងរៀបចំនៅក្នុងប្រទេសឡាវនៅចុងខែមករានេះ។
ទី៣: ដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការអចិន្ត្រៃយ៍សម្រាប់ភ្ញៀវទេសចរចិន និងបណ្តោះអាសន្នសម្រាប់ពលរដ្ឋមកពីប្រទេសជាច្រើនផ្សេងទៀត ដូចជាឥណ្ឌា រុស្សុី និងអឺរ៉ុបជាដើម។
ទី៤: រៀបចំកម្មវិធី Roadshow ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីទាក់ទាញភ្ញៀវទេសចរដែលមានគុណភាពខ្ពស់ ក៏ដូចជាអ្នកវិនិយោគ។
ទី៥: បង្ហាញគោលដៅទេសចរណ៍ថ្មីៗ នៅទីក្រុងលំដាប់ទីពីរ ដូចជា ឈៀងម៉ៃ និងឈុនបុរីជាដើម ព្រមទាំងដាក់តាំងបង្ហាញផលិតផលអំណាចទន់ និងសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ និងអ្នកពាក់ព័ន្ធទាំងអស់។
ទី៦: បង្កើនចំនួនជើងហោះហើរពិសេស (chartered) ដើម្បីតភ្ជាប់ទៅកាន់ទីក្រុងថ្មីៗនៅក្នុងទីផ្សារដែលមានសក្តានុពល ដូចជាចិន និងរុស្សុីជាដើម។
ទី៧: ផ្តល់ការលើកទឹកចិត្តក្នុងទម្រង់នៃការផ្សព្វផ្សាយរួមគ្នាសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ថៃ និងក្រុមហ៊ុនបរទេស។
ទី៨: រៀបចំសំណើថវិកា ៣០ លានបាតបន្ថែមពីលើថវិកា៥០ លានបាត ដែលបានស្នើឡើងពីមុន ដើម្បីជួយដល់ភ្ញៀវទេសចរបរទេស ក្នុងករណីរបួស ឬស្លាប់៕ប្រភព៖Bangkok Post៕