ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកទេសចរដើរកាត់គោបុរៈមួយ ក្នុងចំណោមគោបុរៈទាំងប្រាំ នៅប្រាសាទព្រះវិហារក្នុងឆ្នាំ២០២១។ វិវាទជាច្រើនបានកើតឡើងជុំវិញរមណីដ្ឋានប្រវត្តិសាស្ត្រ រវាងកម្ពុជានិងថៃអស់ជាច្រើនសតវត្សរ៍។
សមាជិកសភាគណបក្សភឿថៃ នៅខេត្តស៊ីសាកេត ចង់ឲ្យនាយករដ្ឋមន្ត្រី លោកសេដ្ឋា ថាថាវីស៊ីន ពិភាក្សាអំពីលទ្ធភាពចូលទៅកាន់ប្រាសាទព្រះវិហារ ក្នុងអំឡុងកិច្ចប្រជុំនាពេលខាងមុខ ជាមួយសមភាគីកម្ពុជា សម្តេចធិបតីបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា។
ច្រកចូលទៅកាន់តំបន់បេតិកភណ្ឌពិភព លោករបស់អង្គការយូណេស្កូ ពីស្រុកកាន់ថារ៉ាឡាក់ នៃខេត្តស៊ីសាកេត ត្រូវបានបិទតាំងពីឆ្នាំ២០០៨ នៅពេលដែលសកម្មភាពយោធា ត្រូវបានបង្កើនរវាងភាគីទាំងសង នៅជាប់ព្រំដែន។ ការប៉ះទង្គិចគ្នាដោយយោធា ដែលបានកើតឡើង ក្នុងឆ្នាំ២០១១ ត្រូវបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន៣៤នាក់ ។ ពីរឆ្នាំក្រោយមក តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថា ដីដែលនៅជាប់នឹងប្រាសាទនៅខាងកើត និងខាងលិចជារបស់កម្ពុជា។
សេចក្តីសម្រេចឆ្នាំ១៩៦២ ដែលបានបញ្ចប់វិវាទអស់ជាច្រើនទស្សវត្សរ៍បានបញ្ជាក់ថា ផ្នែកខាងត្បូងនៃប្រាសាទ គឺជាទឹកដីកម្ពុជា ហើយផ្នែកខាងជើងជារបស់ថៃ។
បណ្ឌិត ភូមីន លីធីរ៉ាប្រាសើត (Phumin Leethiraprasert)សមាជិកសភាគណបក្សភឿថៃ មណ្ឌលលេខ៤ ប្រចាំខេត្តស៊ីសាកេត មានប្រសាសន៍ថា សមាជិកសភាខេត្ត គ្រោងនឹងជម្រាបជូនលោក សេដ្ឋា នៅថ្ងៃពុធ អំពីបញ្ហាខ្មែរ-ថៃ។
លោកបានថ្លែងថា សមាជិកសភាសង្ឃឹមថា មេដឹកនាំទាំងពីរអាចយល់ព្រម លើការបើកទេសចរណ៍ឡើងវិញ ជុំវិញតំបន់ប្រាសាទព្រះវិហារ។លោកបណ្ឌិត ភូមីន បានថ្លែងថា ការបើកឡើងវិញដែលរង់ចាំអស់រយៈពេលជាយូរ គឺអាស្រ័យលើការចរចា រវាងនាយករដ្ឋមន្ត្រីទាំងពីរ។
លោកបញ្ជាក់ថា “ខ្ញុំជឿថា ការបើកទេសចរណ៍ឡើងវិញជុំវិញតំបន់ប្រាសាទ ឆ្លុះបញ្ចាំងពីចំណងមិត្តភាព រវាងប្រជាជាតិទាំងពីរ ដូច្នេះការបើកឡើងវិញគឺពិតជាអាចទៅរួច”។
មានការព្យាយាម ដើម្បីបើកច្រកចូលទៅកាន់រមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយបញ្ហានេះក៏បានទាក់ទាញចំណាប់អារម្មណ៍ ពីគណៈកម្មាធិការសភាកិច្ចការបរទេស ដែលដឹកនាំដោយសមាជិកសភាបក្សភឿថៃ លោក ណុបផាដន ផាត់ថាម៉ា (Noppadon Patama)។
កាលពីដើមខែនេះ គណៈកម្មការបានកោះអញ្ជើញលោក អានុភុង ស៊ុកសុំនីត (Anupong Suksomnit) អភិបាលខេត្តស៊ីសាកេត និងតំណាងមកពីផ្នែកយោធា ដើម្បីផ្តល់ព័ត៌មានអំពីភាពតានតឹងនៅតាមព្រំដែន។
លោក អានុភុង បានប្រាប់អង្គប្រជុំថា អាជ្ញាធរខេត្តបានឯកភាពក្នុងកិច្ចប្រជុំរបស់ពួកគេ កាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលថៃ និងកម្ពុជា ធ្វើការរួមគ្នាដើម្បីជំរុញទេសចរណ៍ជុំវិញប្រាសាទ។
យោងតាមអភិបាលខេត្តបានឱ្យដឹងថា វិស័យឯកជនក៏បានគាំទ្រចលនានេះផងដែរ ជាមួយនឹងផែនការបញ្ចុះបញ្ចូល ស្ថាប័នពាណិជ្ជកម្ម និងជំនួញ ឱ្យចូលរួមក្នុងយុទ្ធនាការ សម្រាប់ការស្តារទេសចរណ៍ឡើងវិញ។
លោក ណុបផាដន អតីតរដ្ឋមន្ត្រីការបរទេស ក៏បានសម្តែងការគាំទ្រ ចំពោះការបើកឡើងវិញ ដែលនឹងជំរុញពាណិជ្ជកម្មតាមព្រំដែន ការវិនិយោគ និងពង្រឹងទំនាក់ទំនងរវាងប្រជាជនក្នុងតំបន់។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាល លោក ឆៃ វ៉ាឆារុង (Chai Wacharonke) បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកម្ពុជានឹងធ្វើទស្សនកិច្ចជាផ្លូវការ នៅថ្ងៃទី៧ ខែកុម្ភៈ។ ការអភិវឌ្ឍន៍រួមគ្នានៃធនធានថាមពលក្នុងសមុទ្រ នៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ត្រូវបានគេនិយាយថាជាធាតុសំខាន់ នៅក្នុងរបៀបវារៈរបស់មេដឹកនាំទាំងពីរ៕ Bangkok Post