ក្រុមអ្នកជំនាញកំពុងធ្វើការរួមគ្នាដើម្បីជម្រុញ និងលើកស្ទួយវិស័យអចលនទ្រព្យនៅកម្ពុជា

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ក្រុមអ្នកជំនាញនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិងកំពុងរួមគ្នា ដើម្បីជម្រុញកិច្ចសហការ និងជួយដល់អ្នកអភិវឌ្ឍន៍នៅកម្ពុជា។

ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រួមជាមួយនឹងសមា ជិក-សមាជិកក្រុមហ៊ុនវាយតម្លៃអចលនវត្ថុ និងគណៈកម្មការវាយតម្លៃអចលនវត្ថុ បានជួបប្រជុំគ្នាប្រចាំសប្តាហ៍ ដើម្បីរួមគ្នាពង្រឹងគុណភាពផ្នែកវាយតម្លៃ និងជម្រុញការផ្តល់សេវាកម្មអចលនវត្ថុ និងបង្កើនការលក់នៅកម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកសន សៀប បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការជួបជុំគ្នានេះ ដើម្បីជំរុញរួបរួមគ្នាពង្រឹងសមត្ថភាពបុគ្គលិក ភា​ពជាអ្នកដឹកនាំម្ចាស់ក្រុមហ៊ុន ចែករំលែកចំណេះដឹង ពាក់ព័ន្ធទៅនឹងការលក់, យុទ្ធសាស្ត្រការគ្រប់គ្រងបុគ្គលិក និងថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្ដល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ នៅក្នុងប្រទេសកម្ពុជា។លោកបញ្ជាក់ថា “ការជួបជុំគ្នានេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានចាប់ដៃគូសហការជាមួយសមាជិក សមាគម ដែលផ្ដល់សេវាកម្មវាយតម្លៃអចលនវត្ថុ ប្រមាណ៣០ក្រុមហ៊ុន”។ លោកបន្តថា បន្ថែមពីនោះទៀត សេវាកម្មវាយតម្លៃអចលនវត្ថុ គឺផ្ដោតទៅលើគុណភាពជាចម្បង ជៀសវាងការប្រកួតប្រជែង ទៅលើសេវាកម្មវាយតម្លៃអចលនវត្ថុ ហើយស្របជាមួយនឹងការគោរពច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។លោកសន សៀបបានបន្តថា សមាគម និងសមាជិក សមាជិកាបាននិងកំពុងធ្វើការងារនេះ ជាមួយម្ចាស់គំរោងនានាទាំងបុរី ខុនដូ ដើម្បីលក់ ប៉ុន្តែយើងក៏ផ្តោតលើគំរោងស្របច្បាប់ ដែលមានទាំងអាជ្ញា​ប័ណ្ណលក់ អាជ្ញាប័ណ្ណសាងសង់ និងច្បាប់បទដ្ឋានគតិយុត្តិនានាដែលច្បាប់តម្រូវផងដែរ។

ជាមួយគ្នានេះ លោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century 21 Fortuna Investment បានលើកឡើងថា ការជួបជុំគ្នានេះវាគឺជាពេលវេលាដ៏ល្អបំផុត បើទោះបីជា ស្ថានភាពនៅឆ្នាំ ២០២៣កន្លងមកនេះ វិស័យអចលនទ្រព្យមានផលប៉ះពាល់យ៉ាងខ្លាំង ប៉ុន្តែការជួបជុំរបស់យើង គឺជួបដើម្បីរកដំណោះស្រាយផ្សេងៗ ដែលត្រូវរៀនសូត្រ និងចែករំលែកពីគ្នាទៅវិញទៅមក ទាំងផ្នែកជំនាញ ,ផ្នែកផ្លូវច្បាប់ និងបង្ហាញទីតាំងដីធ្លីកន្លែងល្អៗ។លោកបន្តថា “ការជួបជុំនេះ មិនមែនទាល់តែស្ថានភាពលំបាកបានជួបជុំគ្នានោះទេ ប៉ុន្តែទោះបីជាស្ថានភាពល្អ ក៏យើងនៅតែបន្តសកម្មភាពបែបនេះទៀត ដើម្បីជំរុញឲ្យវិស័យអចលនទ្រព្យ នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលខាងមុខ”។លើសពីនេះ លោកស្រីតាំង ហួរ អនុប្រធានសមាគមអ្នកវាយតម្លាំ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងស្ថានភាពនេះ ការរួបរួមពិតជាមានសារៈសំខាន់ណាស់ ដើម្បីទទួលបាននូវលទ្ឋផលឈ្នះ ឈ្នះទាំងអស់គ្នា ដោយយើងផ្តល់ឲ្យអ្នកអភិ​វឌ្ឍន៍ឈ្នះ ហើយយើងក្នុងនាមជាក្រុមហ៊ុនលក់ និងប្រឹក្សាយោប​​ល់ ក៏ទទួលបានជោគជ័យផងដែរ។លោកស្រីបន្តថា “ហេតុនេះ ទើបយើងរៀបចំកម្មវិធីជួបគ្នារៀងរាល់សប្តាហ៍ ដើម្បីពិភាក្សា​និងដាក់ចេញយុទ្ឋសាស្រ្តនានា ក្នុងការជម្រុញលើកស្ទួយវិស៧យនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here