ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានឱ្យដឹងថា ក្រសួងគ្រោងរៀបចំទីតាំងកម្សាន្ត និងបោះតង់ ទុកប្រគល់ជូនប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ឱ្យពួកគាត់រកចំណូលបាន តាមរយៈការយកថ្លៃសេវាកម្មពីភ្ញៀវទេសចរ។
ការបញ្ជាក់ឱ្យដឹងនេះធ្វើឡើង នៅក្នុងជំនួបជាមួយសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម ដើម្បីជាការជំរុញការចូលរួមផ្សព្វផ្សាយវប្បធម៌បៃតង ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញកម្ពុជាក្លាយជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។លោករដ្ឋមន្រ្តី បានបញ្ជាក់ថា “ការរៀបចំទីតាំងកម្សាន្ត និងបោះតង់ ទុកប្រគល់ជូនប្រជាពល គឺជាផ្នែកមួយនៃការអនុវត្តនូវគោលការណ៍ស្អាត តម្លៃសមរម្យចំពោះភ្ញៀវទេសចរ ដែលទាំងនេះជាវប្បធម៌ស្អាត បៃតង និងចីរភាព នៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាននិងកំពុងផ្សព្វផ្សាយ និងអនុវត្តយ៉ាងសកម្ម ដើម្បីជំរុញឱ្យផ្សព្វផ្សាយចេញនូវគោលដៅកម្សាន្តបៃតង ដែលជាច្រកសេដ្ឋកិច្ចបន្ថែមមួយទៀតសម្រាប់ប្រជាសហគមន៍ និងប្រជាពលរដ្ឋកម្ពុជា”។
លោកអ៊ាង សុផល្លែតបានបន្តថា គោលដៅកម្សាន្តបៃតង ដែលបានដកស្រង់ចេញ ពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺទិសដៅអាទិភាពរួមចំណែក លើកស្ទួយជីវភាពប្រជាសហគមន៍ ឱ្យចាកផុតពីភាពក្រីក្រ តាមរយៈជំហានចម្បងៗ ដែលរួមមាន ការរៀបចំថ្នាលបណ្តុះកូនឈើខ្នាតអន្តរជាតិ ស្ថិតនៅខេត្តកំពង់ស្ពឺ កោះកុង កំពង់សោម ត្បូងឃ្មុំ និងខេត្តសៀមរាប ដែលអាចមានសមត្ថភាពបណ្តុះកូនឈើ យ៉ាងតិចជាង១លានដើម។
ឈើដែលបណ្តុះបាន មាន៣ប្រភេទដូចជា ទី១ កូនឈើសម្រាប់ចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សយកទៅដាំ ទី២ បណ្តុះជាឈើជំទង់ និងទី៣ បណ្តុះកូនឈើឱ្យក្លាយជាដើមឈើធំៗ សម្រាប់លក់ជូនក្រុមហ៊ុន ឬស្ថាប័ន ដែលមានតម្រូវការដាំឈើ លម្អក្នុងបូរី ឬទីកន្លែងសាធារណៈនានា។
លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម បានប្តេជ្ញាចិត្ត ចូលរួមសហការជាមួយក្រសួងបរិស្ថាន ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការផ្សព្វផ្សាយអំពីយុទ្ធនាការនានា ដូចជាយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក និងយុទ្ធនាការដាំដើមឈើឱ្យច្រើនជាងការកាប់ រួមទាំងវិធានការ៤ចំណុច ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលក្រសួងបរិស្ថានបានដាក់ចេញ សំដៅបង្កើនគម្របព្រៃឈើកម្ពុជា ឱ្យបានចំនួន៦០ភាគរយនៅឆ្នាំ២០៥០៕