ដោយ: គង់ លាងហួរ
អន្តរជាតិ: សកម្មភាពទេសចរណ៍របស់ប្រទេសចិន រំពឹងស្ទុះងើបឡើងវិញ ដល់កម្រិតមុនការរាតត្បាត នៃជំងឺកូវីដ-១៩នៅឆ្នាំនេះ ដែលជួយស្ដារ តំណែងរបស់ចិនឡើងមកវិញ ជាទីផ្សារទេសចរក្រៅប្រទេសដ៏ធំបំផុតរបស់ពិភពលោក។
យោងតាមរបាយការណ៍ពីស្ថាប័នស្រាវជ្រាវ China Tourism Academy បានបង្ហាញថា ទីផ្សារទេសចរណ៍ក្នុង និងចេញទៅក្រៅប្រទេសរបស់ប្រទេសចិន នឹងកើនឡើងបន្ថែមទៀត នៅក្នុងឆ្នាំ២០២៤នេះ។
របាយការណ៍ដដែលខាងលើបានបន្តថា ចំនួនសរុបនៃការធ្វើដំណើរក្នុង និងក្រៅប្រទេស នឹងមានលើសពី២៦៤លាននាក់ រីឯ ប្រាក់ចំណូលពីទេសចរណ៍អន្តរជាតិ នឹងកើនដល់កម្រិតលើសពី១០៧ពាន់លានដុល្លារ។
-->
យោងតាមទិន្នន័យពីគេហទំព័រទេសចរណ៍ Tuniu បានបង្ហាញថា ការកក់សម្រាប់ដំណើរកម្សាន្តជាក្រុម ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន ដែលចាប់ផ្តើមនៅថ្ងៃទី១០ ខែកុម្ភៈ បានកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គេហទំព័រទេសចរណ៍ Tuniu បានបង្ហាញថា គោលដៅទេសចរណ៍ក្រៅប្រទេសដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរចិន រួមមាន ប្រទេសថៃ សិង្ហបុរី ម៉ាល់ឌីវ រុស្ស៊ី នូវែលសេឡង់ អារ៉ាប់រួម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេស Nordic ។
លោក Wolfgang Arlt នាយកវិទ្យាស្ថានស្រាវជ្រាវទេសចរណ៍ក្រៅប្រទេសរបស់ប្រទេសចិន បានលើកឡើងថា ប្រទេសចិនទំនងជានឹងរក្សាបានតំណែង ជាទីផ្សារទេសចរណ៍ក្រៅប្រទេស ដ៏ធំបំផុតរបស់ពិភពលោកនៅឆ្នាំនេះ។
យោងតាមទិន្នន័យពីបណ្ឌិត្យសភា ទេសចរណ៍ចិនបានបង្ហាញថា ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរចិន ដែលបានទៅទស្សនាក្រៅប្រទេសមានចំនួន១៥៥លាននាក់ ដោយចំណាយប្រាក់ចំនួន២៥៥ពាន់លានដុល្លារ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក (World Travel and Tourism Council) បានឱ្យដឹងថា អ្នកដំណើរជនជាតិចិន ចំណាយជាមធ្យមចំនួន១.៣៥០ដុល្លារក្នុងមនុស្សម្នាក់។
ប្រទេសចិន បានបិទព្រំដែនយ៉ាងតឹងរ៉ឹងជិត៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ មុនពេលផ្ទុះជំងឺរាតត្បាត ភ្ញៀវទេសចរចិន គឺជាប្រភពទីផ្សារដ៏ធំបំផុត សម្រាប់បណ្តាប្រទេសភាគច្រើន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍និយាយជាទូទៅ និងតំបន់អាស៊ាននិយាយដោយឡែក៕ប្រភព៖VNexpress៕