ដោយៈ គង់ សូរិយា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ព័ត៌មាននេះត្រូវបានលើកឡើង កាលពីថ្ងៃទី២២ មករា ក្នុងជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុញ្ញាត្តឲ្យលោក ជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP និងសហការី នាឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅ កម្ពុជា។ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត អាមីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកជំទាវ និងសហការីចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការអរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយនឹងអង្គការ UN-ESCAP ។
លោកជំទាវបណ្ឌិត ក៏បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេបនូវវិស័យអាទិភាពចំនួន៤ ដែលនៅក្នុងក្របខ័ណ្ឌនៃការបន្តកិច្ចសហប្រតិបត្តិការ រួមមាន ទី១ ការផ្ដល់កិច្ចគាំពារដល់ប្រជាជនដោយឈរលើគោលការណ៍ “មិនទុកនរណាម្នាក់ចោល” និងកិច្ចការពារបរិស្ថាន ដោយផ្ដោតជាអាទិភាព លើការប្រែប្រួលអាកាសធាតុ។ទី២ ការសម្របសម្រួលនៅក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដោយជំរុញការតភ្ជាប់នៃវិស័យពាណិជ្ជកម្ម នៃបណ្ដាប្រទេសសមាជិកនៃអង្គការ UN-ESCAP។ ទី៣ ការកសាង និងពង្រឹងសមត្ថភាពឌីជីថល សម្រាប់ប្រជាពលរដ្ឋ និងទី៤ ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីរួមចំណែក សម្រេចនូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDGs) ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកជំទាវបណ្ឌិត និងសារការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្តងទៀតនៅកម្ពុជា និងបានសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់អង្គការ UN-ESCAP ចំពោះការចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទៅលើវិស័យជាច្រើននៅកម្ពុជានាពេលកន្លងមក។
សម្ដេចធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់អង្គការ UN-ESCAP ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចធិបតី ក៏បានជម្រាបជូនលោកជំទាវបណ្ឌិតថា អ្វីដែលលោកជំទាវបានលើកឡើងខាងលើ មានភាពប្រទាក់ក្រឡា និងស្របគ្នា ជាមួយនឹងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ -ដំណាក់កាលទី១ ដែលផ្តល់អាទិភាព លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាពធន់ និងកំណើនចីរភាព សំដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់៕