ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារពត៌មាន Kyodo បានចុះផ្សាយថា សណ្ឋាគារ Marriott ដំបូងគេទី១ នៅក្នុងតំបន់ Kyushu ខេត្ត Nagasaki ភាគនិរតីរបស់ប្រទេសជប៉ុន ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការ កាលពីពេលថ្មីៗនេះ។
សណ្ឋាគារនេះ មានទីតាំងស្ថិតនៅជាប់នឹងស្ថានីយ៍រថភ្លើង JR Nagasaki ស្របពេលអាជ្ញាធរមានក្តីសង្ឃឹម ក្នុងការជំរុញស្តារវិស័យទេសចរណ៍នៅក្នុងស្រុកឡើងវិញ។
រួមជាមួយនឹងសេវារថភ្លើងល្បឿនលឿន shinkansen ថ្មី ដែលតភ្ជាប់ខេត្តណាហ្គាសាគី និងរមណីយដ្ឋានត្រាំទឹកក្ដៅ Takeo Onsen ក្នុងខេត្ត Saga ដែលបានបើកដំណើរការក្នុងខែកញ្ញា ឆ្នាំ២០២២ សណ្ឋាគារប្រណីតថ្មីនេះ ត្រូវបានគេរំពឹងថា នឹងជួយទាក់ទាញភ្ញៀវទេសចរ និងធ្វើឱ្យសេដ្ឋកិច្ចមានភាពរស់រវើកឡើងវិញ។សណ្ឋាគារ Nagasaki Marriott គឺជាសណ្ឋាគារម៉ាកយីហោ Marriott ទី៩នៅក្នុងប្រទេសជប៉ុន។ សណ្ឋាគារនេះផ្តល់ជូនភោជ នីយដ្ឋាន និងបន្ទប់ អមជាមួយទិដ្ឋភាពគួរឱ្យទាក់ទាញ ក្នុងតំបន់ដូចជាកំពង់ផែ Nagasaki និងទេសភាពភ្នំ Inasa ។
លោក Yoji Furumiya ប្រធានក្រុមហ៊ុន Kyushu Railway Co. ដែលបានចូលរួមពិធី បើកសម្ពោធសណ្ឋាគារខាងលើនេះ បានថ្លែងថា “សណ្ឋាគារនេះ មានធាតុផ្សំនៃវប្បធម៌ Nagasaki ហើយយើងចង់ឱ្យមនុស្សមកពីជុំវិញពិភពលោក មកទទួលបានបទពិសោធន៍វប្បធម៌នេះ”។សណ្ឋាគារNagasaki Marriott ផ្តល់ជូនបន្ទប់ចំនួន២០៧បន្ទប់ នៅជាន់ទី៧ ដល់ជាន់ទី១៣នៃអគារនេះ។ បន្ទប់មួយចំនួន អាចផ្តល់នូវទិដ្ឋភាពនៃខ្សែរថភ្លើងល្បឿនលឿន Kamome shinkansen ដែលធ្វើដំណើរទៅមកពីស្ថានីយ។
ខេត្ត Nagasaki បានទទួលស្វាគមន៍ភ្ញៀវទេសចរស្នាក់ នៅចាប់ពី១យប់ចំនួន៧៣០.០០០នាក់ កាលពីខែតុលាឆ្នាំមុន ដែលកើនឡើង១១,៩ភាគរយបើធៀបនឹងឆ្នាំ២០២២៕