ដោយៈ គង់ សូរិយា
កំពតៈ គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៣ តភ្ជាប់ពីខេត្ត កំពត-វាលរេញ ប្រវែង២០គីឡូម៉ែត្រ រំពឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤នេះ បន្ទាប់ពីទទួលបានថវិកាកម្ចីពីប្រទេសចិន។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោកផន រីមបានមានប្រសាសន៍ឲ្យដឹងថា គម្រោងផ្លូវជាតិលេខ៣ ត្រពាំងរពៅ-វាលរេញ ត្រូវការសិក្សាឱ្យបានច្បាស់លាស់ និងជជែកលម្អិតពីរបៀបសាងសង់ ជៀសវាងធ្វើរួចហើយខូចវិញ។
លោកបានបញ្ជាក់ថា តាមការសិក្សាកំណាត់ផ្លូវនេះ កន្លែងខ្លះដីស្អុយនៅខាងក្រោមពី៥ ទៅ១៤ម៉ែត្រ ដែលទាមទារការសាងសង់ម៉ត់ចត់បំផុត។ក្រសួងសាធារណការ បានពិភាក្សាជាមួយក្រុមហ៊ុនពីរបៀបសាងសង់ ដោយកាយដីស្អុយចេញ និងប្រើបច្ចេកទេសបុកគ្រឹះរៀបធ្នឹម និងមានភាពរលាស់ ដើម្បីធានាគុណភាពផ្លូវ និងការធ្វើចរាចរណ៍។
លោកបន្តថា ក្រសួងសាធារណការ កំពុងពិភាក្សាពីតម្លៃ នៃការសាងសង់ ហើយរំពឹងថា នឹងបានថវិកាកម្ចីពីប្រទេសចិន មកសាងសង់ក្នុងឆ្នាំនេះហើយ ប៉ុន្តែលោកមិនទាន់បញ្ជាក់ ពីពេលវេលាជាក់លាក់នៅឡើយទេ។កន្លងមក លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានណែនាំឲ្យក្រុមការងារគម្រោង សហការជាមួយក្រុមហ៊ុនទទួលសិទ្ធិសាងសង់ រៀបចំការងារជួសជុលថែទាំបន្ទាន់ ដើម្បីធានាការធ្វើចរាចរណ៍បណ្តោះអាសន្ន។
ជាមួយគ្នានេះ លោកបូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុបានឱ្យដឹងថា កន្លងមកក្រុមហ៊ុនសារជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) បានជួយជួសជុលកំណាត់ផ្លូវនេះ នៅត្រង់ចំណុចត្រពាំងល្ពៅ ឆ្ពោះទៅវាលរេញ ដោយប្រើប្រាស់ថ្មធំ ថ្ម៤x៦ និងថ្មមិច ចាក់បំពេញ កៀរ កិនបង្ហាប់ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន។
លោកបញ្ជាក់ថា “បច្ចុប្បន្នការធ្វើដំណើរ របស់ប្រជាពលរដ្ឋមានការហុយដីបន្តិច ដោយសារជាផ្លូវដី ប៉ុន្តែតួផ្លូវមិនមានសំបុកមាន់ធំៗ ដូចពេលមុនទេ”។
កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) មានប្រវែងសរុប ៥៤,៣ គ.ម ក្នុងនោះធនាគារពិភពលោក បានផ្ដល់ថវិកាស្ដារកំណាត់ផ្លូវនេះបានចំនួន៣៤ គីឡូម៉ែត្ររួចហើយ៕