វៀតណាមគ្រោងបាញ់បង្ហោះផ្កាយរណបរ៉ាដា ដែលផលិតក្នុងស្រុកដំបូងគេបង្អស់ទៅកាន់លំហតារាវិថីនៅឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការចុះផ្សាយ ដោយសារពត៌មាន VN Expressបានឱ្យដឹងថា ផ្កាយរណបបច្ចេកវិទ្យារ៉ាដា ដំបូងបង្អស់របស់វៀតណាម ឈ្មោះ LOTUSat-1 ត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់នៅខែមីនាខាងមុខ ដើម្បីបាញ់បង្ហោះទៅកាន់តារាវិថី នៅដើមឆ្នាំ២០២៥។

LOTUSat-1 គឺជាផ្កាយរណបអង្កេតផែនដី ដែលមានសមត្ថភាពថតរូបភាពក្នុងកម្រិតច្បាស់ ទោះស្ថិតក្នុងអាកាសធាតុបែបណាយ៉ាងណាក្តី ខណៈផ្កាយរណបនេះ មានបំពាក់បច្ចេកវិទ្យាចាប់សញ្ញា synthetic aperture radar (SAR)។ទិន្នន័យរូបភាពពីផ្កាយរណបនេះ នឹងជួយឱ្យប្រទេសវៀតណាមទទួលបានព័ត៌មានត្រឹមត្រូវ ដើម្បីឆ្លើយតបនិងកាត់បន្ថយផលប៉ះពាល់នៃគ្រោះធម្មជាតិ ក៏ដូចជា បម្រែបម្រួលអាកាសធាតុ គ្រប់គ្រងធនធានធម្មជាតិ និងតាមដានបរិស្ថាន ដើម្បីបម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

លោក Le Xuan Huy អគ្គនាយករងនៃមជ្ឈមណ្ឌលអវកាសនៃប្រទេសវៀតណាម បានមានប្រសាសន៍ឱ្យដឹងថា ដោយសារតែមានការជួយជ្រោមជ្រែងពីប្រទេសជប៉ុន ការអភិវឌ្ឍន៍ផ្កាយរណប LOTUSat-1 ក្រោមគម្រោង “ការការពារគ្រោះមហន្តរាយធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ ដោយប្រើប្រាស់ផ្កាយរណបអង្កេតផែនដី” បានចាប់ផ្តើមធ្វើឡើង នៅក្នុងទីក្រុងហាណូយ ចាប់តាំងពីខែកញ្ញាឆ្នាំ២០១២ មកម្ល៉េះ។លោក Huy បានបញ្ជាក់ឱ្យដឹងថា ​“ផ្កាយ​រណបនេះ នឹងបំពេញបេសកកម្ម ​នៅក្នុង​គន្លង​គោចរ​រយៈ​ពេល៥ឆ្នា”។

ប្រទេសវៀតណាម និងជប៉ុន បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការ ក្នុងវិស័យបច្ចេកវិទ្យាអវកាសចាប់តាំងពីឆ្នាំ ២០០៦មកម្ល៉េះ។ ដោយសារមានការគាំទ្រ ពីសំណាក់ប្រទេសជប៉ុន ប្រទេសវៀតណាមបានធ្វើការស្រាវជ្រាវ និងផលិតផ្កាយរណបខ្នាតតូច “Made in Vietnam” ចំនួន ៣ គ្រឿង រួមមាន ផ្កាយរណប PicoDragon ផ្កាយរណប Nano Dragon និង ផ្កាយរណប MicroDragon ដែលត្រូវបានបាញ់បង្ហោះដោយជោគជ័យទៅកាន់តារាវិថី៕

LEAVE A REPLY

Please enter your comment!
Please enter your name here