ការតភ្ជាប់ជើងហោះហើរត្រង់ នឹងជួយឱ្យកម្ពុជាទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើន

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ កំណើននៃការតភ្ជាប់ជើងហោះហើរ បាននិងកំពុងកើនឡើង ដែលធ្វើឲ្យកម្ពុជាមានសុទិដ្ឋិនិយម ពីកំណើនភ្ញៀវទេសចរណ៍ និងប្រាក់ចំណូលក្នុងវិស័យនេះ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរ​ណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ចំនួន​ភ្ញៀវ​​ទេសចរ​បរទេស ​ដែល​ធ្វើដំណើរ​មក​កម្ពុជា ​បាន​កើន​ឡើងជា​បន្តបន្ទាប់ ជា​ពិសេស​មួយរយៈ​ចុងក្រោយ​នេះ​។ ការ​បើក​ដំណើរ​កាន់តែច្រើន ​នៃ​ជើង​ហោះ​ហើរ​អន្តរជាតិ​ត្រង់​មក​កម្ពុជា និង​ការ​រៀបចំ​ព្រឹត្តិ​កា​រណ៍​ផ្សេងៗ​ក្នុងស្រុក គឺជា​ចំណែក​ដែល​នាំមក​ នូវ​ភាព​វិជ្ជមាន​ទាំងនេះ​។

លោកស្រី​បន្តថា “សម្រាប់​ភ្ញៀវទេសចរ​បរទេស ​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​ភាគច្រើន​ គឺ​មកពី​ប្រទេសជិតខាង និង​ក្នុង​តំបន់​អាស៊ី”​។​លោកស្រី​បន្ថែមថា “ការកសាង​ព្រ​​លាន​យន្តហោះ​ថ្មី និង​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​កាន់តែ​ល្អ ក៏​ជា​ចំណែក​សំខាន់ ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ឱ្យធ្វើ​ដំណើរ ​មក​កម្ពុ​ជាកា​ន់​តែ​ច្រើន​ផងដែរ​”។​លោកស្រី​ថ្លែងថា ​ចំនួន​ភ្ញៀវ​បរ​​ទេស​មក​កម្ពុជា ​បានបង្ហាញ​ពី​ការ​ងើបឡើង​វិញ​ជា​បណ្តើរៗ​ហើយ ខណៈ​បច្ចុប្បន្ន​ទាំង​ថ្នាក់ដឹកនាំ​ក្រសួង​ទេស​​ចរណ៍ និង​ផ្នែក​ឯកជន​កំពុង​ខិតខំ​យ៉ាងខ្លាំង ​ក្នុង​ទាក់ទាញ​ឱ្យ​ភ្ញៀវទេសចរ​បរ​ទេស ​ឱ្យមក​កម្ពុជា​កាន់តែច្រើនៗ​​។​

សេចក្តីប្រកាស​ព័ត៌មាន ​របស់​គ្រឹះ​ស្ថាន​អង្គរបានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២៣ មាន​ភ្ញៀវ​បរទេស៧៩៨,០៦៩​នាក់​ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​​ដ្ឋា​ន​អង្គរ ដោយ​កើនឡើង១៧៧,៦៣​ភាគរយ​ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២២។ ចំណែក​ទឹកប្រាក់​ ​ប្រមូលបាន​ពី​ការលក់​សំបុត្រ មាន​សរុប៣៧,២លាន​ដុល្លារ កើនឡើង២២២ភាគរយ​។

ក្រៅពី​ចំណូល​ខាងលើ​គ្រឹះស្ថាន​អង្គរ ក៏​ទទួលបាន​ភ្ញៀវ​ចំនួន ១៤,៨០៦​នាក់ ស្មើនឹង​ប្រាក់២២២,០៩០​ដុល្លារ​ ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​​បរទេស​ចូល​ទស្សនា​ តំបន់​ប្រាសាទ​​កោះ​កេរ​ និង​ប្រាក់​ចំនួន ៥៦៤,៦៧១​ដុល្លារ ពី​ការលក់​សំបុត្រ​ទូក​នៅ​កំពង់​​ផែ​ចុង​ឃ្នៀ​ស​។

លោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ពិតជាមានកំណើននៃការហោះហើរ មកកម្ពុជា ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ដោយក្រុមហ៊ុនទាំងនោះបានពង្រីក ចំនួនជើងហោះហើរទៅមករវាងកម្ពុជា ចិន និងប្រ​ទេសមួយចំនួនទៀត៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here