ដោយ: គង់ លាងហួរ
អន្តរជាតិ: អត្រាអគារការិយាល័យ ដែលទុកនៅទំនេរចោលគ្មានអ្នកជួលនៅសហរដ្ឋអាមេរិក បានកើនឡើងដល់១៩,៦ភាគរយក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ដែលជាអត្រាខ្ពស់បំផុត មិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។
ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមក អត្រាអគារការិយាល័យទំនេរប្រចាំត្រីមាសដែលខ្ពស់បំផុត ស្ថិតក្នុងរង្វង់ត្រឹម១៩,៣ភាគរយ។ ជាមធ្យម មុនផ្ទុះវិបត្តិជំងឺកូវីដ-១៩ អត្រាអគារការិយាល័យទុកទំនេរចោល ស្ថិតក្នុងរង្វង់ប្រហែល១៦,៨ភាគរយ។
ប៉ុន្តែបន្ទាប់ពីនោះមក វិបត្តិជំងឺកូវីដ-១៩ បានបង្កើនអត្រាការិយាល័យទំនេរ ដោយអាជីវកម្មជាច្រើន ត្រូវការបន្ទប់ការិយាល័យតិចជាងមុន ខណៈបុគ្គលិកអាចធ្វើការពីចម្ងាយបាន។ទោះបីជាវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាលទៅវិញយ៉ាងណាក្តី ក៏ការជួលបន្ទប់ការិយាល័យ ហាក់មិនសូវចាំបាច់ទៀតឡើយ ដោយសារបុគ្គលិកបានស៊ាំ ទៅនឹងរបៀបនៃការធ្វើការងារពីចម្ងាយ។
ចំពោះបុគ្គលិកភាគច្រើន ដែលបំពេញការងារ ក្នុងការិយាល័យ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៥ល្ងាចចំនួន៥ថ្ងៃ ក្នុងមួយសប្តាហ៍ ត្រូវបានជំនួសមកវិញដោយការធ្វើការងារពីផ្ទះ។
យោងតាមទីភ្នាក់ងារវាយតម្លៃ Moody’s បានឱ្យដឹងថា និន្នាការខាងលើនេះ បានធ្វើឱ្យការផ្គត់ផ្គង់អគារការិយាល័យ កើនលើសតម្រូវការ។
ការកើនឡើងនៃអត្រាការិយាល័យទំនេរ ក្លាយជាសញ្ញាអវិជ្ជមានសម្រាប់ម្ចាស់ដី និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ព្រមទាំងភោជនីយដ្ឋាន ហាងលក់រាយ និងអាជីវកម្មតូចៗផ្សេងទៀត ដែលអាស្រ័យលើបុគ្គលិកការិយាល័យ។
ជាមួយគ្នានេះ ការដាំក្បាលចុះនៃតម្រូវការជួល ការិយាល័យ បានធ្វើឱ្យសកម្មភាពសាងសង់ អគារការិយាល័យថ្មីៗ កើនឡើងក្នុងកម្រិតតិចតួចបំផុត គិតចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ៕ប្រភព៖CNN៕