ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច នឹងបញ្ចប់នៅកំឡុងខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។
លោកហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ថា ផ្លូវជាតិលេខ៣១ គិតមកដល់ពេលនេះ សម្រេចការសាសងសង់បានប្រមាណ៤០%ហើយ ក្នុងនោះការចាក់អ៊ុតបេតុងកៅស៊ូ (AC) នឹងរួចរាល់នាខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ខណៈដែលការបំពាក់គ្រឿងបរិក្ខាផ្លូវថ្នល់ និងកិច្ចការផ្សេងៗជាច្រើនទៀត នឹងរួចរាល់ទាំងស្រុងនៅចុងឆ្នាំ២០២៤។ 
បច្ចុប្បន្នផ្លូវជាតិលេខ៣១ ដែលមានប្រវែងសរុបជិត៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ទៅ ផ្លូវជាតិលេខ៣៣) កំពុងដំណើរការស្តារ និងលើកកម្រិតគុណភាព បានបើកការដ្ឋានស្ថាបនា កាលពីខែធ្នូ ឆ្នាំ២០២២។
ផ្លូវជាតិលេខ៣១នេះ កំពុងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន។







